ប្រព័ន្ធបណ្ដែតអេឡិចត្រូម៉ាញ៉េទិចជួយឱ្យរថភ្លើងអណ្ដែតសៀងហៃ (Shanghai Maglev train or Shanghai Transrapid) បំបាត់ចោលភាពកកិត និងមានល្បឿនឡើងដល់ 480 គីឡូម៉ែត្រ/ម៉ោង លឿនជាងគេបង្អស់ក្នុងចំណោមរថភ្លើងពាណិជ្ជកម្មនាបច្ចុប្បន្ន។
ដោយមានល្បឿនធម្មតាប្រហែល 435 គីឡូម៉ែត្រ/ម៉ោង រថភ្លើងអណ្ដែងប្រើកម្លាំងអេឡិចត្រូម៉ាញ៉េទិចសៀងហៃ ធ្វើដំណើរលើផ្លូវដែកប្រវែង 30 គីឡូម៉ែត្រដែលតភ្ជាប់ទីក្រុងសៀងហៃជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិ Pudong ដោយចំណាយពេលតែ 7 នាទី និង 30 វិនាទីប៉ុណ្ណោះ។
ក៏ប៉ុន្តែ ក្រុមអ្នកជំនាញមិនទាន់ចាប់ផ្ដើមពិនិត្យទៅលើល្បឿនអតិបរមាដែលរថភ្លើងនេះអាចរត់បាននៅឡើយ ព្រោះថា រថភ្លើងអេឡិចត្រូម៉ាញ៉េទិចគំរូមួយរបស់ជប៉ុន អាចធ្វើដំណើរក្នុងល្បឿន 600 គីឡូម៉ែត្រ/ម៉ោង។
កត្តាដែលធ្វើឱ្យទាំងពីរខាងលើមានភាពខុសគ្នា ធៀបនឹងបណ្ដារថភ្លើងល្បឿនលឿនក្នុងប្រពៃណីបច្ចុប្បន្ន គឺមេដែក។ រថភ្លើងដែលប្រើប្រាស់បច្ចេកវិទ្យាដែលហៅថា Maglev ប្រើប្រាស់មេដែកដើម្បីបណ្ដែត រុញ និងនាំរថភ្លើងឱ្យធ្វើដំណើរតាមបណ្ដោយផ្លូវដែក។
ផ្លូវដែកបែបប្រពៃណីតែងតែមានការកកិត ប៉ុន្តែបណ្ដាញផ្លូវដែក និងរថភ្លើងប្រើកម្លាំងមេដែក (Maglev Train) វិញ បានលុបបំបាត់បញ្ហាកកិតនេះ តាមរយៈការបណ្ដែតរថភ្លើងឱ្យមានគម្លាត និងនៅពីលើផ្លូវដែក។ ដោយសារតែមិនមានកម្លាំងកកិត កម្លាំងទប់របស់បរិយាកាសជុំវិញគឺជាឧបសគ្គតែមួយគត់ដែលធ្វើឱ្យរថភ្លើង Maglev រត់យឺត។
មេដែកដែលប្រើប្រាស់ក្នុងបណ្ដាញផ្លូវរថភ្លើងអណ្ដែតនេះមិនមែនជាប្រភេទដែលយើងអាចរកទិញបាននៅគ្រប់ទីផ្សារនោះទេ។ ប៉ុន្តែ វាគឺជាមេដែកអគ្គិសនីកម្លាំងខ្លាំង ជួយឱ្យរថភ្លើងបរក្នុងល្បឿនលឿនខ្លាំង។
បច្ចេកវិទ្យានៅពីក្រោយរថភ្លើងអណ្ដែតសៀងហៃ (Shanghai Maglev train)
រថភ្លើងប្រភេទខាងលើរបស់ជប៉ុន និងចិន ប្រើប្រាស់ប្រព័ន្ធព្យួរអេឡិចត្រូម៉ាញ៉េទិច EMS (Electromagnetic suspension)។ ដោយការប្រើប្រាស់បច្ចេកវិទ្យា EMS រថភ្លើងត្រូវបានមេដែកអគ្គិសនីរុញឡើងផុតពីផ្លូវដែកម៉ាញ៉េទិច ធ្វើឱ្យវាអណ្ដែតក្នុងបរិយាកាស ប្រៀបដូចកំពុងហោះ។
រថភ្លើងនេះអណ្ដែតពីលើផ្លូវដែកប្រហែល 10 មិល្លីម៉ែត្រ គ្រប់គ្រាន់អាចលុបបំបាត់ភាពកកិត។ មេដែកអគ្គិសនីលើរថភ្លើងនេះបង្កើតអគ្គិសនីប្រភេទចរន្តឆ្លាស់ (AC) ហើយកម្លាំងទាញ និងរុញកើតឡើងដំណាលគ្នា រុញរថភ្លើងឆ្ពោះទៅមុខ។ បច្ចេកវិទ្យានេះជួយឱ្យរថភ្លើងអណ្ដែតសៀងហៃរបស់ចិន អាចធ្វើដំណើរក្នុងល្បឿន 480 គីឡូម៉ែត្រ/ម៉ោង និងបង្កើតបានកំណត់ត្រាស្ដីពីរថភ្លើងពាណិជ្ជកម្មដែលមានល្បឿនលឿនបំផុតលើពិភពលោក។
ក៏ប៉ុន្តែ ផ្លូវដែកសម្រាប់រថភ្លើងអណ្ដែតសៀងហៃរបស់ចិនខាងលើ មានតម្លៃរហូតដល់ 1.3 ពាន់លានដុល្លារអាម៉េរិក និងត្រូវចំណាយពេលបីឆ្នាំក្នុងការស្ថាបនា៕