កំពូលតារាបាល់ទាត់ពិភពលោក Lionel Messi នឹងចូលជាសមាជិករបស់ក្លឹបបាល់ទាត់អាម៉េរិក Inter Miami ក្រោយពីកិច្ចព្រមព្រៀងជាមួយ PSG អស់សុពលភាព។
យោងតាម BBC កំពូលកីឡាកររបស់អាហ្សង់ទីន នឹងបដិសេធប្រាក់បៀវត្សរ៍ 430 លានដុល្លារអាម៉េរិក/ឆ្នាំ នៅអារ៉ាប៊ីសាអូឌីត ដើម្បីជ្រើសយកការអញ្ជើញពីក្លឹប Inter Miami នៅសហរដ្ឋអាម៉េរិក។ ដើម្បីទាក់ទាញ Messi មកលេងនៅពានរង្វាន់បាល់ទាត់អាជីពអាម៉េរិក (MLS) ក្លឹប Miami បានសហការជាមួយក្រុមហ៊ុនធំៗជាច្រើន មានដូចជា Adidas និង Apple ជាដើម។
នេះគឺជាលើកដំបូងដែល Messi លេងបាល់នៅខាងក្រៅទ្វីបអឺរ៉ុប។ M10 ចង់ទាត់នៅអឺរ៉ុបមួយរដូវកាលទៀត ដោយផ្ដល់អាទិភាពឱ្យ Barca ប៉ុន្តែមិនទទួលបានសំណើទាល់តែសោះ ដោយសារតែក្លឹបនេះកំពុងជួបបញ្ហាហិរញ្ញវត្ថុ។ Messi អាចជ្រើសរើសតែ Inter Miami ឬ Al Hilal។
មនុស្សជាច្រើនចង់ឃើញ Messi លេងឱ្យ Al Hilal ដើម្បីបានប៉ះជាមួយ Ronaldo និង Karim Benzema នៅអារ៉ាប៊ីសាអូឌីត។ ពានរង្វាន់ Saudi League ប្រទេសនេះ អាចមានលក្ខខណ្ឌល្អជាង MLS ប៉ុន្តែ M10 ចង់លេងនៅសហរដ្ឋអាម៉េរិកជាង ព្រោះតែកត្តាមួយចំនួន រួមមាន ការរស់នៅ និងកិច្ចសហការជាមួយបណ្ដាយីហោធំៗ លើសពីវិស័យបាល់ទាត់។ Messi ក៏មានផ្ទះមួយខ្នងនៅ Miami រដ្ឋ Florida ដែលកំពុងជួលឱ្យគេ។
ក្លឹប Inter Miami ជាកម្មសិទ្ធិរបស់មហាសេដ្ឋី Jorge Mas, Jose Mas និងអតីតកំពូលកីឡាករបាល់ទាត់អង់គ្លេស David Beckham។ Beckham ក៏កាន់តំណែងប្រធាននៅក្លឹបនេះផងដែរ៕