(សហរដ្ឋអាម៉េរិក) – ស្បែកអេឡិចត្រូនិចសម្រាប់រ៉ូបូតដែលអភិវឌ្ឍដោយក្រុមអ្នកជំនាញនៅសាកលវិទ្យាល័យ Stanford អាច «ជាសះស្បើយ» ដោយឯកឯងក្នុងរង្វង់ 24 ម៉ោង នៅពេលកម្ដៅក្នុងសីតុណ្ហភាព 70 អង្សាសេ។
ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Stanford អភិវឌ្ឍស្បែកអេឡិចត្រូនិចមួយប្រភេទដែលមានច្រើនស្រទាប់ អាចដឹង និងកែតម្រូវឡើងវិញបន្ទាប់ពីបានរងរបួស អនុញ្ញាតឱ្យស្បែកធ្វើសកម្មភាពបន្តក្នុងពេលព្យាបាល និងជាសះស្បើយដោយស្វ័យប្រវត្ត។ នេះបើតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី 04 មិថុនា។ ស្បែកនេះត្រូវបានយកតម្រាប់តាមស្បែកពិតរបស់មនុស្ស។
វត្ថុធាតុថ្មីនេះអាចទទួលដឹងអំពីការប្រែប្រួលសីតុណ្ហភាព សាច់ដុំ ឬអគ្គិសនីនៅជុំវិញ និងដឹងអំពីសម្ពោធផងដែរ។ «ស្បែកអេឡិចត្រូនិចនេះមានសភាពទន់ និងតឹងណែន មិនយារ។ ប៉ុន្តែ បើសិនអ្នកចាក់ទម្លុះ កាត់ ឬអារវា នោះស្រទាប់នីមួយៗរបស់វានឹងជាសះស្បើយដោយឯកឯងប្រកបដោយការជ្រើសរើសកម្រិតខ្ពស់នៅក្នុងការជួសជុលមុខងារទាំងមូលរបស់វា។ ប្រការនេះដូចទៅនឹងស្បែកពិត» Sam Root សហការីក្នុងគម្រោងស្រាវជ្រាវនេះ អះអាងដូច្នេះ។
ស្បែកសិប្បនិម្មិតនេះអាចជាសះស្បើយក្នុងរង្វង់ 24 ម៉ោង នៅពេលត្រូវបានកម្ដៅដល់ 70 អង្សាសេ ឬក្នុងរង្វង់មួយសប្ដាហ៍នៅក្នុងសីតុណ្ហភាពក្នុងបន្ទប់ធម្មតា។ ក្រុមអ្នកវិទ្យាសាស្ត្រនេះជឿថា ស្បែកសិប្បនិម្មិតនេះនឹងមានសភាពដូចស្បែករបស់មនុស្សពិតៗនៅពេលពួកគេបន្តការអភិវឌ្ឍ៕