រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូណេស៊ី កាលពីថ្ងៃទី 30 ឧសភា ប្រកាសថា ប្រទេសនេះអាចទទួលបានខ្ទង់ប្រាក់វិនិយោគប្រមាណ 31.9 ពាន់លានដុល្លារអាម៉េរិក សម្រាប់បណ្ដាគម្រោងដែលជាប់ទាក់ទងនឹងបណ្ដាញផ្គត់ផ្គង់ថ្មរថយន្តអគ្គិសនីនៅឆ្នាំ 2026។
យោងតាមរដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan ការដែលប្រទេសនេះសម្បូររ៉ែនីកែលដែលប្រើប្រាស់ក្នុងថ្មរថយន្តអគ្គិសនី រដ្ឋាភិបាលឥណ្ឌូណេស៊ី ចង់វិនិយោគកាន់តែច្រើនថែមទៀតទៅក្នុងបណ្ដាវិស័យដែលប្រើប្រាស់នីកែល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
រដ្ឋមន្ត្រីរូបនេះឱ្យដឹងថា តំបន់ Kalimantan របស់ឥណ្ឌូណេស៊ី អាចនឹងទទួលបានប្រាក់វិនិយោគ 12.35 ពាន់លានដុល្លារអាម៉េរិក ស្របពេលដែលតំបន់ Maluku ខាងជើង និង Sulawesi អាចនឹងទាក់ទាញបានការវិនិយោគបន្តបន្ទាប់គឺ 9.78 ពាន់លានដុល្លារ និង 9.84 ពាន់លានដុល្លារ នៅក្នុងបណ្ដាគម្រោងបណ្ដាញផ្គត់ផ្គង់ថ្មផ្ទុកថាមពលសម្រាប់រថយន្តអគ្គិសនី។