(ហូឡង់) – តាក់ស៊ីហោះ Electron 5 ដែលអាចដឹកអ្នកដំណើរបាន 5 នាក់ ដំណើរទាំងស្រុងដោយថាមពលអគ្គិសនី និងហោះហើរបានចម្ងាយ 750 គីឡូម៉ែត្រ។
បណ្ដាក្រុមហ៊ុនអាកាសចរណ៍បច្ចុប្បន្ន តែងតែជាអ្នកកំណត់កាលវិភាគនៃជើងហោះហើរ និងគោលដៅដែលត្រូវចុះចត។ ក៏ប៉ុន្តែ ក្រុមហ៊ុនធុរកិច្ចថ្មីរបស់ហូឡង់ Electron Aviation បំបែកការកំណត់នេះ នៅពេលផ្ដល់បណ្ដាញជើងហោះហើរមួយដែលអនុញ្ញាតឱ្យអ្នកដំណើរជ្រើសរើសពេលវេលា និងទីតាំងហោះហើរដោយសេរី។ Electron Aviation ក៏សហការជាមួយព្រលានយន្តហោះ Twente ដើម្បីផ្ដល់ការហោះហើរដែលមិនបំភាយឧស្ម័នកាបូន ដោយប្រើប្រាស់ Electron 5 ដែលជាយន្តហោះតាក់ស៊ីដំណើរការដោយអគ្គិសនីទាំងស្រុង នៅឆ្នាំ 2027។
Electron 5 អាចដឹកអ្នកដំណើរបាន 5 នាក់។ ភាគីក្រុមហ៊ុនបានអះអាងថា យន្តហោះអគ្គិសនីនេះនឹងនាំមកនូវផាសុកភាព និងបទពិសោធន៍ល្អដល់អតិថិជន។ នេះបើតាម Design Boom ចុះផ្សាយកាលពីថ្ងៃទី 30 ឧសភា 2023។
យន្តហោះអគ្គិសនីនេះមានបង្អួចដែលអាចមើលឃើញគ្រប់ទិស ជួយឱ្យអ្នកដំណើរគយគន់ទេសភាពខាងក្រៅបានដោយងាយ។ Electron 5 ក៏បំពាក់ម៉ូទ័របម្រុងនៅខាងក្រោយដើម្បីធានាសុវត្ថិភាពក្នុងពេលហោះហើរ។ កៅអីក្នុងយន្តហោះនេះអាចបត់បែនបានល្អ ជួយឱ្យឱ្យអ្នកដំណើររៀបចំកន្លែងអង្គុយបានតាមចិត្ត។
យន្តហោះអគ្គិសនី Electron 5 គ្រោងនឹងហោះហើរលើកម្ពស់ 3,000 ម៉ែត្រ ហើយអាចហោះក្នុងល្បឿន 300 គីឡូម៉ែត្រ/ម៉ោង និងហោះបានចម្ងាយ 750 គីឡូម៉ែត្រ បន្ទាប់ពីបញ្ចូលថាមពលមួយពេញ។ ដោយសារតែជាសេវាកម្មតាមសំណើ ដូច្នេះតាក់ស៊ីហោះនេះ នឹងហោះហើរតែនៅពេលអតិថិជនបានកក់សំបុត្រតាមរយៈកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន។ ពីព្រលានយន្តហោះ Twente យន្តហោះអគ្គិសនី Electron 5 នេះ អាចទៅដល់ទីក្រុងបែរឡាំងរបស់អាល្លឺម៉ង់, ក្រុងឡុងដ៍របស់អង់គ្លេស ឬប៉ារីសរបស់បារាំង ដោយប្រើពេលមិនដល់ពីរម៉ោង៕