ក្រុមហ៊ុនជប៉ុន Toyota ថ្មីៗនេះបានបង្ហាញរថយន្តបែបកីឡាគំរូដែលយកលំនាំតាមរថយន្ត Mirai នៅក្នុងការប្រកួត Fuji 24 Hours នៅប្រទេសជប៉ុន ហើយនេះគឺជាកំណែដែលដំណើរការដោយថាមពលអ៊ីដ្រូសែន។
ក្រុមហ៊ុននេះពុំបានប្រកាសព័ត៌មានផ្លូវការណាមួយស្ដីពីរថយន្ត Mirai Sport ដូច្នេះ អ្វីដែលយើងអាចដឹង នោះគឺរូបរាងរបស់រថយន្តនេះតាមរយៈវីដេអូដែលត្រូវបានគេបង្ហោះនៅក្នុងបណ្ដាញសង្គម និងនិយាយជាភាសាជប៉ុន។
រថយន្តគំរូ Mirai Sport នេះ គឺយោងទៅតាមរូបរាងរបស់រថយន្ត Toyota Mirai ជំនាន់ទីពីរ ដោយមានការកែប្រែខ្លះត្រង់រូបរាងខាងក្រៅ ពោលគឺថា Toyota Mirai Sport មានលក្ខណៈកីឡាជាង Toyota Mirai។
Toyota Mirai Sport មានប្រព័ន្ធជំរុញថាមពលពីថ្មផ្ទុកអ៊ីដ្រូសែនដែលមានកម្លាំង 182 សេះ (136 គីឡូវ៉ាត់) និងកម្លាំងរមួលកង់ 300 Nm ហើយអាចធ្វើដំណើរបានចម្ងាយ 647 គីឡូម៉ែត្រ ដោយមិនបាច់ចាក់ឥន្ធនៈ។
រថយន្ត Mirai Sport គំរូដំបូងដំណើរការដោយអ៊ីដ្រូសែន
អ៊ីដ្រូសែនដែលត្រូវបានផលិតពីទឹក និងថាមពលព្រះអាទិត្យ គេហៅថា អ៊ីដ្រូសែនបានពីព្រះអាទិត្យ (solar hydrogen)។ ដើម្បីបានអ៊ីដ្រូសែនប្រភេទនេះ គេត្រូវប្រើរូបមន្តមួយចំនួន ក្នុងនោះក៏មាន ការធ្វើអគ្គិសនីវិភាគទឹក (Electrolysis of water) ដែលប្រើប្រាស់អគ្គិសនីក្នុងថ្ម ឬអគុយដែលបានពីផ្ទាំងសូឡាផងដែរ។