ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ីបានប្រកាសថា កីឡាកររបស់ប្រទេសនេះនឹងបញ្ចេញថ្វីជើងដ៏ល្អបន្ថែមទៀតក្នុងការប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម 23 ឆ្នាំ (U23) នៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ 2023។
នៅពានរង្វាន់បាល់ទាត់ U23 អាស៊ីអាគ្នេយ៍ឆ្នាំ 2023 (AFF U23 Championship 2023) ក្រុម U23 ឥណ្ឌូណេស៊ីធ្លាក់ទៅក្នុងពូល B ដែលមាន U23 ម៉ាឡេស៊ី និង U23 ទីម័រខាងកើត បន្ទាប់ពីការចាប់ឆ្នោតបានធ្វើឡើងរួចរាល់។ ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir បាននិយាយថា «បើទោះគូប្រកួតជាអ្នកណា យើងក៏ត្រូវតែត្រៀមឱ្យបានហ្មត់ចត់បំផុត»។
លោក Erick Thohir បន្តថា «ខ្ញុំមានសុទិដ្ឋិនិយម ព្រោះថា បរិយាកាសរបស់បាល់ទាត់ឥណ្ឌូណេស៊ីនៅតែល្អ បន្ទាប់ពីដណ្ដើមបានមេដាយមាសនៅស៊ីហ្គេមលើកទី 32។ ខ្ញុំជឿជាក់ថា ប្រការនេះនឹងបន្ថែមថាមពលវិជ្ជមានដើម្បីក្រុមជម្រើសជាតិ U23 បន្តដណ្ដើមបានលទ្ធផលល្អបំផុត និងដណ្ដើមបានសិទ្ធិឡើងទៅវគ្គផ្ដាច់ព្រ័ត្រ»។
ពានរង្វាន់ជើងឯកបាល់ទាត់ U23 អាស៊ីអាគ្នេយ៍ឆ្នាំ 2023 នឹងជាឈ្នាន់ដើម្បីក្រុមបាល់ទាត់ឥណ្ឌូណេស៊ីមានការត្រៀមខ្លួនបានល្អបំផុតសម្រាប់មហាព្រឹត្តិការណ៍ប្រកួតកីឡាទ្វីបអាស៊ីឆ្នាំ 2023 (ASIAD លើកទី 19) ក៏ដូចជាវគ្គផ្ដាច់ព្រ័ត្រ U23 ទ្វីបអាស៊ីផងដែរ។
ការប្រកួតបាល់ទាត់នៃពានរង្វាន់យុវជនអាយុក្រោម 23 ឆ្នាំនៅតំបន់អាស៊ាន (AFF U23 Championship 2023) នឹងធ្វើឡើងនៅប្រទេសថៃ ចាប់ពីថ្ងៃទី 17 សីហា ដល់ 26 សីហា។ ក្រុម U23 របស់កម្ពុជា ត្រូវស្ថិតនៅក្នុងពូល A ជាមួយនឹងព្រុយណេ មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះថៃ៕