ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នឹងបើកសាលតាំងបង្ហាញ (showroom) លំដាប់ប្រណិតនៅប្រទេសថៃ នៅក្រោយខែមិថុនា ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅភាគខាងកើតរាជធានីបាងកក ដើម្បីជំរុញការលក់រថយន្តអគ្គិសនីដែលកំពុងកើនឡើងយ៉ាងរហ័សនៅប្រទេសថៃ និងដើម្បីតាមទាន់គូប្រកួតចិន ក្នុងនោះមាន BYD ជាដើម។
យោងតាមបណ្ដាញផ្សព្វផ្សាយក្នុងស្រុក ក្រុមហ៊ុនផលិតរថយន្តអាម៉េរិកមួយនេះកំពុងតែជួសជុល និងកែលំអទីតាំងដែលធ្លាប់ជាសាលតាំងបង្ហាញរបស់ Toyota។ នៅប្រទេសថៃ ក្រៅពីសាលតាំងបង្ហាញនេះ Tesla ក៏នឹងមានមជ្ឈមណ្ឌលសេវាកម្ម ឃ្លាំងគ្រឿងបន្លាស់ និងស្ថានីយបញ្ចូលថាមពលរហ័សផងដែរ។
ទាក់ទងនឹងដំណឹងខាងលើ តំណាងមួយរូបរបស់ Tesla បានឱ្យដឹងថា ព័ត៌មានលម្អិតនឹងត្រូវបានប្រកាសឆាប់ៗខាងមុខ។
Tesla បានចាប់ផ្ដើមលក់អនឡាញនូវរថយន្តបែបកីឡាពហុមុខងារប្រភេទមធ្យម Model Y និងរថយន្ត Model 3 នៅប្រទេសថៃ តាំងពីខែធ្នូឆ្នាំមុន ក្នុងតម្លៃចាប់ពីប្រហែល 1.96 លានបាត (56,500 ដុល្លារអាម៉េរិក) និង 1.76 លានបាត (50,700 ដុល្លារអាម៉េរិក)។ តួលេខនេះខ្ពស់ជាងបើធៀបនឹងតម្លៃ 1 លានបាត់របស់បណ្ដារថយន្តចិនដែលមានលក្ខណៈប្រហាក់ប្រហែលនេះ។
យោងតាមរបាយការណ៍របស់ទំព័រ Autolife នៅប្រទេសថៃ ចំនួនរថយន្ត Model Y ក្នុងខែមីនាបានកើនឡើងជិតទ្វេដងធៀបនឹងខែកុម្ភៈ ដោយលក់បាន 1,034 គ្រឿង ជួយឱ្យម៉ូដែលរថយន្តនេះកាន់កាប់ 17% នៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅប្រទេសថៃ។ Model Y ក្លាយជាម៉ូដែលរថយន្តអគ្គិសនីដែលលក់ដាច់ជាងគេលំដាប់ទីពីរនៅប្រទេសថៃ បន្ទាប់ពី Atto 3 របស់ BYD និងនៅពីលើ SAIC Motor និង Great Wall Motor។