(អង់គ្លេស) – ក្លឹបបាល់ទាត់នីមួយៗដែលចូលរួមប្រកួតដណ្ដើមពានរង្វាន់លិគកំពូលអង់គ្លេស (English Premier League) រដូវកាល 2022/2023 ទទួលបានជិត 160 លានដុល្លារអាម៉េរិកពីគណៈកម្មការរៀបចំ ក្នុងនោះ ម្ចាស់ជើងឯក Man City ទទួលបានប្រាក់ច្រើនជាងគេ។
លិគកំពូលអង់គ្លេសចែកប្រាក់រង្វាន់ និងប្រាក់ចំណូលពីការលក់សិទ្ធិផ្សាយផ្ទាល់ជាង 3 ពាន់លានដុល្លារអាម៉េរិក ទៅឱ្យក្លឹបទាំង 20 ដែលចូលរួមការប្រកួត។ បើទោះជាគណៈកម្មការរៀបចំមិនប្រកាសតួលេខជាក់លាក់ជាសាធារណៈ ប៉ុន្តែប្រាក់ចំណូលដែលបានពីការផ្សាយផ្ទាល់ត្រូវបានបែងចែកស្ទើរតែស្មើគ្នា។ យ៉ាងនេះក៏ដោយ បណ្ដាក្លឹបដែលត្រូវបានផ្សាយផ្ទាល់នៅអង់គ្លេស តែងតែរកបានប្រាក់ចំណូលច្រើនជាង។
ក្លឹបទាំង 20 នៅលិគកំពូលអង់គ្លេស សុទ្ធតែទទួលបានការទូទាត់ប្រាក់ចំណូលគោលស្មើគ្នាពីការលក់សិទ្ធិផ្សាយផ្ទាល់ ដែលមានតម្លៃប្រហែល 100 លានដុល្លារអាម៉េរិក ក្នុងរដូវកាលមុន ខណៈដែលរដូវកាលឆ្នាំ 2022/2023 នេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងខ្ពស់ជាងមុន។ ប៉ុន្តែ ចំនួនប្រាក់ដែលក្លឹបនីមួយៗទទួលបាននឹងខ្ពស់ជាងនេះ អាស្រ័យលើចំនួនលើកដែលពួកគេត្រូវបានជ្រើសរើសសម្រាប់ការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ក្នុងប្រទេស។
ទំព័រ Mirror បានផ្សាយថា ម្ចាស់ជើងឯក Man City ទទួលប្រាក់រង្វាន់ 210 លានដុល្លារអាម៉េរិក ច្រើនជាងគេបង្អស់នៅលិគកំពូលអង់គ្លេសរដូវកាលនេះ។ ចំណែកនៅបាតតារាងវិញ Leicester, Leeds និង Southampton សុទ្ធតែរកបានជាង 150 លានដុល្លារ បើទោះជាត្រូវធ្លាក់ចំណាត់ថ្នាក់។
បើសិន Man City បានក្លាយជាជើងឯកនៅ FA Cup និង Champions League ដើម្បីលើកពានបីក្នុងមួយរដូវកាល (Treble) ចំនួនទឹកប្រាក់នេះនឹងកើនឡើងដល់ជាង 330 លានដុល្លារអាម៉េរិក ក្នុងនោះ តំណែងជើងឯក FA Cup នឹងនាំមកនូវប្រាក់រង្វាន់ 4 លានដុល្លារ គ្រាដែល Champions League នឹងជួយឱ្យ Man City រកបាន 116 លានដុល្លារ។
យោងតាម Mirror ប្រាក់ចំណូលរបស់បណ្ដាក្លឹបដែលចូលរួមប្រកួតនៅលិគកំពូលអង់គ្លេសរដូវកាល 2022/2023 រួមមាន៖ Man City ទទួលបាន 210 លានដុល្លារអាម៉េរិក, Arsenal 207 លានដុល្លារ, Man Utd 204 លាន, Newcastle 202 លាន, Liverpool 200 លាន, Brighton 196 លាន, Aston Villa 194 លាន, Tottenham 191 លាន, Brentford 188 លាន, Fulham 185 លាន, Crystal Palace 182 លាន, Chelsea 179 លាន, Wolves 177 លាន, West Ham 174 លាន, Bournemouth 171 លាន, Nottingham Forest 169 លាន, Everton 165 លាន, Leicester 163 លាន, Leeds 160 លាន, Southampton 158 លាន៕