ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នា SAIC-GM-Wuling ថ្ងៃនេះបានបង្ហាញជាផ្លូវការនូវរថយន្តអគ្គិសនី Yep ដែលជាម៉ូដែលថ្មីបំផុតសម្រាប់ស៊េរីរថយន្តអគ្គិសនីខ្នាតតូចរបស់ក្រុមហ៊ុននេះ។
Yep គឺជារថយន្តអគ្គិសនីខ្នាតតូចលំដាប់គុណភាពខ្ពស់របស់ Baojun ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុនអាម៉េរិក-ចិន SAIC-GM-Wuling។ រថយន្តនេះមានពីរកំណែ តម្លៃចាប់ពី 11,290 ដុល្លារអាម៉េរិក និង 12,703 ដុល្លារអាម៉េរិក។
Baojun Yep មានចំណុចខ្លះគឺដូចទៅនឹងរថយន្ត Suzuki Jimny និងមានរូបរាងជាទម្រង់ប្រអប់បួនជ្រុង (Square Box) ដែលផ្ដោតលើអតិថិជនវ័យក្មេង។ Baojun Yep មានបណ្ដោយ ទទឹង និងកម្ពស់ជាបន្តបន្ទាប់គឺ 3,381, 1,685 និង 1,721 មិល្លីម៉ែត្រ ខណៈប្រវែងបណ្ដោយមូលដ្ឋានគឺ 2,110 មិល្លីម៉ែត្រ។
Baojun Yep បំពាក់ម៉ូទ័រអគ្គិសនីកម្លាំង 50 kW និងកម្លាំងរមួលកង់ 140 Nm។ រថយន្តនេះមានថ្មផ្ទុកអគ្គិសនីកម្លាំង 28.1 kWh និងអាចផ្លាស់ទីបាន 303 គីឡូម៉ែត្រ។ វាអាចឱ្យបញ្ចូលថាមពលរហ័ស និងអាចបង្កើនថាមពលអគ្គិសនីពី 30% ឡើងដល់ 80% ក្នុងរយៈពេល 35 នាទី។
រថយន្តអគ្គិសនី Baojun Yep ក៏បំពាក់ប្រព័ន្ធបើកបរឆ្លាតវៃ Lingxi រួមមាន មុខងារកំណត់អត្តសញ្ញាណ និងប្រតិកម្មទៅនឹងឧបសគ្គ ក៏ដូចជាកែសម្រួលល្បឿនប្រកបដោយភាពឆ្លាតវៃនៅពេលរថយន្តបរដល់កន្លែងត្រូវបត់។ រថយន្តនេះក៏អាចចូលចតដោយស្វ័យប្រវត្ត ដោយប្រើប្រាស់ប្រព័ន្ធចូលចតឆ្លាតវៃ៕