ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir មានបំណងអញ្ជើញបណ្ដាក្រុមបាល់ទាត់លំដាប់កំពូលៗរបស់ពិភពលោក មកប្រកួតជាមួយក្រុមជម្រើសជាតិនៃប្រទេសដែលមានផ្ទៃដីធំជាងគេនៅអាស៊ីអាគ្នេយ៍។
«យើងអញ្ជើញអាហ្សង់ទីនមកទាត់មិត្តភាពដើម្បីកែលំអស្មារតី និងសមជាមួយនឹងការប៉ះគូប្រកួតធំៗ។ ដើមឡើយ នៅពេលជួបវៀតណាម និងថៃ កីឡាកររបស់យើងក៏ភ័យញ័រខ្លួន។ ប៉ុន្តែ នៅស៊ីហ្គេមលើកទី 32 យើងដណ្ដើមបានជ័យជម្នះ ហើយនេះគឺជាពេលដែលមានការត្រៀមខ្លួនបានល្អសម្រាប់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី» ប្រធាន PSSI លោក Erick Thohir ថ្លែងដូច្នេះ។
ក្រោយពីដណ្ដើមបានមេដាយមាសវិញ្ញាសាបាល់ទាត់បុរសនៅស៊ីហ្គេមលើកទី 32 ចលនាវិជ្ជមានក្នុងវិស័យបាល់ទាត់កំពុងតែផ្ទុះឡើងនៅឥណ្ឌូណេស៊ី។ ក្នុងការប៉ះគ្នាលក្ខណៈអន្តរជាតិនានាក្នុងខែមិថុនា ក្រុមឥណ្ឌូណេស៊ី នឹងប្រកួតមិត្តភាពនៅថ្ងៃទី 14 ជាមួយនឹងក្រុមរបស់ប៉ាឡេស្ទីន។ ប្រាំថ្ងៃបន្ទាប់មក ឥណ្ឌូណេស៊ីនឹងត្រូវប្រកួតជាមួយអាហ្សង់ទីន។
តាមផែនការ PSSI ថែមទាំងមានបំណងអញ្ជើញក្រុមជើងខ្លាំងដូចជា ម៉ារ៉ុក ប្រេស៊ីល ព័រទុយហ្កាល់ និងរុស្ស៊ី មកទាត់មិត្តភាពនៅឥណ្ឌូណេស៊ីទៀតផង។ គម្រោងទាំងនេះកំពុងត្រូវបានអនុវត្ត និងស្ថិតក្នុងដំណាក់កាលដំបូងនៃការចរចា។ ប៉ុន្តែ នឹងមានតែមួយ ឬពីរប្រកួតបែបនេះប៉ុណ្ណោះនៅក្នុងមួយឆ្នាំ។ PSSI ក៏មានមហិច្ឆតារៀបចំការប្រកួតផ្លូវការច្រើនទៀតនៅក្នុងឱកាស FIFA Days ដើម្បីលើកកម្ពស់ចំណាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី នៅក្នុងបញ្ជីចំណាត់ថ្នាក់ FIFA៕