ខ្សែប្រយុទ្ធឆ្នើម Harry Kane ត្រូវបានលុបឈ្មោះចេញពីការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិអង់គ្លេស ជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ និងប្រេស៊ីល ក្រោយពីការត្រួតពិនិត្យដោយម៉ាស៊ីនស្គែនទៅលើបញ្ហារបួសរបស់គេរួចមក ធ្វើឲ្យលោក Gareth Southgate សម្រេចចិត្តឲ្យរូបគេសម្រាកតែម្តង។
Kane បានជួបបញ្ហារបួសក្នុងពេលក្រុម Tottenham Hotspur ដណ្តើមបានជ័យជម្នះ 1-០ លើក្រុម Crystal Palace កាលពីថ្ងៃសៅរ៍ និងបានស្នាក់នៅក្នុងទីក្រុងឡុងដ៍ ដើម្បីទទួលបានការព្យាបាល ខណៈដែលកីឡាកររបស់ក្រុមអង់គ្លេសជាច្រើននាក់ផ្សេងទៀត ត្រូវបានបញ្ចូលឈ្មោះសម្រាប់ការប្រកួតនៅកីឡដ្ឋាន St George’s Park។ ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវធ្វើការប្រកួតជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅថ្ងៃសុក្រនេះ នៅមុនពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិប្រេស៊ីល នៅថ្ងៃអង្គារ សប្តាហ៍ក្រោយ។ ខ្សែបម្រើ Harry Winks ដែលជាមិត្តរួមក្រុម Spurs របស់ Kane ក៏នឹងត្រូវអវត្តមានផងដែរ ក្រោយពីបានជួបបញ្ហារបួសកជើង អំឡុងពេលប្រកួតជាមួយនឹងក្រុម Crystal Palace ដូចគ្នា ដែលធ្វើឲ្យលោក Southgate កាន់តែខកចិត្តចំពោះការបំពេញក្រុមរបស់លោកជាមួយនឹងកីឡាករឆ្នើមៗរបស់ Spurs។ លោក Southgate បានអវត្តមានខ្សែបម្រើឆ្នើម Dele Alli ម្នាក់រួចទៅហើយ ដោយសារតែបញ្ហារបួស។
ក្រោយពីការដកខ្លួនរបស់ Kane និង Winks ខ្សែបម្រើ Jake Livermore របស់ក្លិប West Bromwich Albion ត្រូវបានកោះហៅកាលពីថ្ងៃចន្ទ៕
ប្រភពពី៖ The Guardian