ការថយចុះនៃប្រាក់ចំណូលបានពីការលក់សំបុត្រកាលពីចុងសប្ដាហ៍ទីពីរ របស់ភាពយន្តរឿង «Guardians of the Galaxy Vol. 3» (ក្រុមការពារកាឡាក់ស៊ី វគ្គបី) ស្ថិតក្នុងកម្រិតល្អជាង បើធៀបនឹងរាល់ភាពយន្តរបស់Marvel រាប់ចាប់ពីឆ្នាំ 2018។
នៅពេលដំណើរផ្សងព្រេងទីបី ហើយក៏ជាលើកចុងក្រោយរបស់អ្នកដឹករឿង James Gunn ជាមួយនឹង Star-Lord, Gamora, Rocket Raccoon រួមនឹងអ្នកដទៃ ត្រូវបានចាប់បញ្ចាំងកាលពីចុងសប្ដាហ៍កន្លង «ក្រុមការពារកាឡាក់ស៊ី វគ្គបី» រកចំណូលបាន 118.4 លានដុល្លារអាម៉េរិកក្នុងរយៈពេលបីថ្ងៃដំបូង នៅអាម៉េរិកខាងជើង និង 289 លានដុល្លារនៅទូទាំងសកលលោក។
នោះគឺជាតួលេខមួយដែលមិនអន់ប៉ុន្មានឡើយ ប៉ុន្តែនៅទាបជាងធៀបនឹង 146.5 លានដុល្លាររបស់ «Guardians of the Galaxy Vol. 2» កាលពីឆ្នាំ 2017 ហើយអាចធ្វើឱ្យផលិតករភាពយន្ត Disney/Marvel ព្រួយបារម្ភ។ ក៏ប៉ុន្តែ ពេលនេះពួកគេអាចធូរស្រាលក្នុងចិត្ត នៅពេលដឹងថា «Guardians of the Galaxy Vol. 3»កំពុងតែបញ្ជាក់ថា អាចរកបានប្រាក់ចំណូលក្នុងកម្រិតល្អសម្រាប់រយៈពេលយូរអង្វែង នៅពេលបន្តនាំមុខគេនៅសប្ដាហ៍ទីពីរ ដោយមានអត្រាធ្លាក់ចុះកម្រិតទាបជាងគេ។
ជាក់ស្ដែង គិតមកដល់បច្ចុប្បន្ន «Guardians of the Galaxy Vol. 3» រកចំណូលបាន 216.6 លានដុល្លារអាម៉េរិកនៅទីផ្សារអាម៉េរិកខាងជើង និង 530.9 លានដុល្លារនៅទូទាំងពិភពលោក។ តួលេខនេះក៏មានន័យថា «Guardians of the Galaxy Vol. 3» បានយកឈ្នះលើភាពយន្ត Marvel រឿង “Ant-Man and the Wasp: Quantumania” (ដែលរកបាន 475.8 លានដុល្លារពីរាល់ការបញ្ចាំងនៅរោងកុន ចាប់តាំងពីដើមឆ្នាំនេះ) ក្រោយពីបញ្ចាំងជាផ្លូវការបានជាងមួយសប្ដាហ៍។
«ក្រុមការពារកាឡាក់ស៊ី វគ្គបី» គឺជាខ្សែភាពយន្តស្ដីពីកំពូលអ្នកក្លាហានអាម៉េរិក ដែលផលិតឡើងទៅតាមសាច់រឿង «ក្រុមកំពូលអ្នកក្លាហានការពារកាឡាក់ស៊ីមីលគីវ៉េ» របស់ Marvel Comics។ «Guardians of the Galaxy Vol. 3» ត្រូវបានផលិតដោយ Marvel Studios និងចាក់បញ្ចាំងដោយ Walt Disney Studios Motion Pictures។ នៅក្នុងវគ្គបីនេះ ក្រុមពិសេសដែលយើងធ្លាប់បានស្គាល់ មានការផ្លាស់ប្ដូរមួយចំនួន។ Peter Quill នៅតែមានការឈឺចាប់ព្រោះតែបាត់បង់ Gamora ប៉ុន្តែនៅតែបំពេញកាតព្វកិច្ចជាអ្នកប្រមូលកម្លាំងរបស់ក្រុមដើម្បីការពារចក្រវាលទាំងមូល។ ពួកគេត្រូវរ៉ាប់រងភារកិច្ចដ៏លំបាក ហើយបើសិនជាបរាជ័យ បេសកកម្មរបស់ពួកគេអាចនឹងត្រូវបានបញ្ចប់៕