Paris Saint-Germain ត្រូវបានគេជឿថា បានបញ្ចូលឈ្មោះប្រធានក្រុមរបស់ Arsenal ទៅក្នុងបញ្ជីសម្រាំងចុងក្រោយរបស់ខ្លួនដើម្បីជំនួស Lionel Messi។
យោងតាមការចុះផ្សាយរបស់ទំព័រ Mirror Football តារាបាល់ទាត់អាហ្សង់ទីន លោក Messi ត្រូវគេជឿថា នឹងចាកចេញពី PSG នៅពេលកិច្ចព្រមព្រៀងបានផុតកំណត់នៅចុងរដូវកាលនេះ។ បើទោះជា Barcelona នៅតែចង់ចុះកិច្ចព្រមព្រៀងជាមួយ Messi ប៉ុន្តែ «ផ្ទះថ្មី» របស់តារាបាល់ទាត់អាហ្សង់ទីនរូបនេះ ក៏នៅមិនទាន់ច្បាស់លាស់។
PSG កំពុងធ្វើការដើម្បីចុះកិច្ចព្រមព្រៀងជាមួយកីឡាករម្នាក់ក្នុងបំណងជំនួស Messi នៅរដូវក្ដៅឆ្នាំនេះ។ ព័ត៌មានចចាមអារ៉ាមនាពេលថ្មីៗនេះ យល់ថា Bernardo Silva របស់ Manchester City កំពុងក្លាយជាគោលដៅរបស់ក្លឹបនៅប៉ារីស តែមិនទាន់សម្រេចចិត្តចុងក្រោយ។
ចំណែកទំព័រ El Nacional វិញ យល់ថា PSG បានដាក់គោលដៅលើកីឡាករន័រវែស Martin Odegaard ដែលជាប្រធានក្រុមរបស់ Arsenal។ Martin Odegaard បានក្លាយជាកីឡាករឆ្នើមបំផុតនៅ Premier League កាលពីខែមីនាកន្លងទៅ។
ទោះជាយ៉ាងនេះក៏ដោយ គ្រូបង្វឹក Mikel Arteta របស់ Arsenal បានច្រានចោលព័ត៌មានខាងលើ និងបានធានាថា កិច្ចព្រមព្រៀងជាមួយ Martin Odegaard ដែលនៅសល់ពីរឆ្នាំទៀត នឹងនៅតែរឹងមាំ៕