(ហូឡង់) – រថយន្ត Eco-Runner XIII ប្រើថាមពលអ៊ីដ្រូសែន កំពុងឆ្ពោះទៅកាន់កំណត់ត្រាពិភពលោកស្ដីពីការធ្វើដំណើរបានឆ្ងាយជាងគេដោយមិនបាច់បញ្ចូលឥន្ធនៈ នៅក្នុងខែមិថុនា 2023 ខាងមុខ។
គម្រោង Eco-Runner Team Delft របស់ក្រុមនិស្សិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Delft អភិវឌ្ឍរថយន្តគំរូអ៊ីដ្រូសែនខ្នាតតូចសម្រាប់ការធ្វើដំណើរក្នុងទីក្រុង ប្រចាំឆ្នាំ ដោយការកែលំអរចនារូបរាង និងគ្រឿងម៉ាស៊ីនរបស់រថយន្តនេះ ដើម្បីធានាឱ្យបានប្រាកដថា រៀងរាល់ឆ្នាំ កំណែថ្មីបំផុតអាចបំបែកកំណត់ត្រារបស់ខ្លួនវាផ្ទាល់។ កាលពីឆ្នាំ 2022 ក្រុមនេះបានទទួលពានរង្វាន់លេខមួយនៅក្នុងការប្រកួត Hydrogen Efficiency Challenge ដោយបានបង្កើនសមត្ថភាពឡើងដល់ 5,047 គីឡូម៉ែត្រ/គីឡូក្រាមអ៊ីដ្រូសែន។ ឆ្នាំ 2023 ពួកគេចង់បញ្ជាក់ថា តើរចនារូបរាងចុងក្រោយបំផុតអាចធ្វើដំណើរបានចម្ងាយផ្លូវឆ្ងាយដោយមិនបាច់បញ្ចូលថាមពល ឬអត់។
រូបរាងរបស់ Eco-Runner XIII ក្នុងឆ្នាំ 2023 ស្រដៀងទៅនឹងថាសហោះ (UFO)។ ដំបូលរបស់វាមានរាងដូចមួកជ្រាលបន្តិចម្ដងទៅរកដងខ្លួន ប៉ុន្តែមានបង្អួចសម្រាប់មើលទៅក្រៅ។
Eco-Runner Team Delft ឱ្យដឹងថា ពួកគេកំពុងរកវិធីសម្រេចបានតុល្យភាពរវាងប្រសិទ្ធភាព កម្លាំង និងភាពរឹងមាំរបស់រថយន្ត មុននឹងឆ្លងកាត់ផ្លូវជាង 2,055 គីឡូម៉ែត្រ នៅក្នុងការធ្វើតេស្តដើម្បីបំបែកកំណត់ត្រាពិភពលោក។
យោងតាម Eco-Runner Team Delft ដំណើរការនៃការបំប្លែងអ៊ីដ្រូសែនទៅជាឥន្ធនៈសម្រាប់រថយន្តរបស់ពួកគេ បង្ហាញអំពីសក្ដានុពលក្លាយជាជម្រើសជំនួសប្រកបដោយប្រសិទ្ធភាពនៅក្នុងវិស័យគមនាគមន៍។ នៅក្នុងរថយន្ត Eco-Runner អ៊ីដ្រូសែនត្រូវបានបំប្លែងទៅជាថាមពលអគ្គិសនី ហើយវាបំភាយតែចំហាយទឹក និងកម្ដៅ។
យោងតាម Design Boom ក្រុមនិស្សិតកំពុងរកវិធីដើម្បីកែលំអ Eco-Runner XIII នៅឯបន្ទប់ពិសោធន៍ Dream Hall របស់សាកលវិទ្យាល័យបច្ចេកវិទ្យា Delft ។ រចនារូបរាងរថយន្តថ្មីដែលប្រកាសកាលពីថ្ងៃទី 02 ឧសភា និងត្រូវបានគូររំលេចចំណុចសំខាន់ៗដោយស្ទូឌីយោ Enshape Design នឹងជារូបរាងចុងក្រោយរបស់រថយន្ត Eco-Runner XIII ដែលត្រូវយកទៅចូលរួមបំបែកកំណត់ត្រានៅខែមិថុនាខាងមុខ៕