កូនសិស្ស និងគ្រូបង្វឹករបស់ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម ទទួលប្រាក់រង្វាន់ចំនួន 3.6 ពាន់លានដុង (ប្រហែល 633,000,000 រៀល ឬ 153,000 ដុល្លារអាម៉េរិក) ពីសហព័ន្ធកីឡាបាល់ទាត់វៀតណាម រួមនឹងប្រាក់រង្វាន់ផ្សេងទៀត បន្ទាប់ពីដណ្ដើមបានមេដាយមាសនៅស៊ីហ្គេមលើកទី 32។
ក្រុមនារីជម្រើសជាតិវៀតណាម បានផ្ដួលមីយ៉ាន់ម៉ា 2-0 ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញកាលពីព្រលប់ថ្ងៃទី 15 ឧសភា 2023។ លទ្ធផលនេះបានជួយឱ្យក្រុមនារីវៀតណាមក្លាយជាក្រុមនារីដំបូងគេក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ដែលដណ្ដើមបានមេដាយមាសចំនួនបួនរដូវកាលជាប់ៗគ្នា ហើយក៏ជាក្រុមដំបូងគេបង្អស់ដែលដណ្ដើមបានមេដាយមាស 8 លើកនៅស៊ីហ្គេម។
បន្ទាប់ពីការប្រកួតផ្ដាច់ព្រ័ត្រ ប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ក៏បានប្រកាសផ្ដល់ប្រាក់រង្វាន់ 2 ពាន់លានដុង ដល់ក្រុមបាល់ទាត់នារីវៀតណាម។ មុននោះ VFF ក៏បានផ្ដល់ប្រាក់រង្វាន់ 1.6 ពាន់លានដុងសម្រាប់បីប្រកួតនៅវគ្គចែកពូល និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលវៀតណាមបានឈ្នះកម្ពុជា 4-0។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនមួយ ប្រកាសផ្ដល់ប្រាក់រង្វាន់ 200 លានដុង (ប្រហែល 8,500 ដុល្លារអាម៉េរិក) ដល់ក្រុមនារីវៀតណាមផងដែរ ក្រោយវគ្គផ្ដាច់ព្រ័ត្រ។ ដូច្នេះ ប្រាក់រង្វាន់សរុបដែលក្រុមបាល់ទាត់នារីវៀតណាមទទួលបានគឺ 3.8 ពាន់លានដុង (ប្រហែល 668,000,000 រៀល ឬ 162,000 ដុល្លារអាម៉េរិក)។
ថ្ងៃទី 16 ឧសភានេះ ក្រុមបាល់ទាត់នារីវៀតណាម ត្រូវត្រលប់ទៅប្រទេសវិញ។ ក្រុមនេះនឹងសម្រាកយកកម្លាំងមួយសប្ដាហ៍ មុននឹងចូលហ្វឹកហាត់ដើម្បីត្រៀមសម្រាប់ការប្រកួតនៅ World Cup ដែលនឹងចាប់ផ្ដើមពីខែកក្កដាខាងមុខ៕