យោងតាមគ្រូបង្វឹក Inssara Sritaro ឥណ្ឌូណេស៊ីមានកម្លាំងកាយល្អជាងដោយសារសម្រាកបានច្រើនថ្ងៃ មុននឹងផ្ដួលវៀតណាមនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃវិញ្ញាសាបាល់ទាត់បុរសនៅស៊ីហ្គេមលើកទី 32 នៅកម្ពុជា។
«ខ្ញុំមិនភ្ញាក់ផ្អើលនោះទេ នៅពេលឥណ្ឌូណេស៊ីឡើងដល់វគ្គផ្ដាច់ព្រ័ត្រ។ ពួកគេបានសម្រាកពីរថ្ងៃ ដោយសារតែពូល A ទាត់មុន និងរួចរាល់បានមុន។ ពូល B ចប់ក្រោយ ហើយក្រុមនានាសម្រាកបានតែមួយថ្ងៃ រួចក៏ទាត់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ជាងនេះ នៅក្នុងការប្រកួតចុងក្រោយនៅពូល B ក្រុមថៃប្រកួតជាមួយវៀតណាមនៅលើទីលានមិនល្អ សើម ទើបកីឡាករត្រូវចំណាយកម្លាំងច្រើន» គ្រូបង្វឹកថៃ Sritaro និយាយដូច្នេះក្រោយពីថៃឈ្នះមីយ៉ាន់ម៉ា 3-0 ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីព្រលប់ថ្ងៃទី 13 ឧសភា។
វៀតណាម និងថៃប៉ះគ្នាក្នុងការប្រកួតចុងក្រោយនៅពូល B កាលពីថ្ងៃទី 11 ឧសភា និងមានលទ្ធផល 1-1។ លទ្ធផលស្មើគ្នានេះ ធ្វើឱ្យវៀតណាមឈរលំដាប់លេខពីរនៅពូល B ហើយត្រូវប៉ះឥណ្ឌូណេស៊ីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនៅទីនេះ ឥណ្ឌូណេស៊ីបានផ្ដួលវៀតណាមដោយលទ្ធផល 3-2។
ជិតពីរម៉ោងក្រោយពីឥណ្ឌូណេស៊ីយកឈ្នះលើវៀតណាម ក្រុម U22 ថៃក៏បានផ្ដួលមីយ៉ាន់ម៉ា ដោយលទ្ធផល 3-0។ ដូច្នេះ ថៃត្រូវប៉ះឥណ្ឌូណេស៊ីនៅវគ្គផ្ដាច់ព្រ័ត្រនៃវិញ្ញាសាបាល់ទាត់បុរសនៅស៊ីហ្គេមលើកនេះ។
«ឥណ្ឌូណេស៊ីគឺជាគូប្រកួតខ្លាំង។ កីឡាកររបស់ពួកគេលឿនណាស់។ យើងនឹងត្រូវប្រុងប្រយ័ត្ន» គ្រូបង្វឹកថៃ Sritaro និយាយអំពីគូប្រកួតរបស់ខ្លួននៅវគ្គផ្ដាច់ព្រ័ត្រ។ គ្រូបង្វឹកវ័យ 43 ឆ្នាំរបស់ U22 ថៃ និយាយថា បើទោះជាឈ្នះមីយ៉ាន់ម៉ា ប៉ុន្តែ ថៃនៅមានកំហុសច្រើន ត្រូវការដកយកជាបទពិសោធន៍ និងកែតម្រូវ។
ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាយុក្រោម 22 ឆ្នាំ (U22) របស់ថៃ នឹងប្រកួតជាមួយក្រុមឥណ្ឌូណេស៊ីនៅវគ្គផ្ដាច់ព្រ័ត្រនាវេលាម៉ោង 20 ថ្ងៃទី 16 ឧសភាខាងមុខ។ បួនម៉ោងមុននោះ វៀតណាម នឹងដណ្ដើមមេដាយសំរឹទ្ធជាមួយមីយ៉ាន់ម៉ា៕