ក្រុមហ៊ុនអង់គ្លេស Octopus Energy បានឱ្យដឹងថា កម្មវិធី ChatGPT កំពុងធ្វើការជំនួសបុគ្គលិក 205 នាក់ នៅក្នុងការឆ្លើយតបសារអេឡិចត្រូនិច និងត្រូវបានវាយតម្លៃថា ល្អជាងអ្នកជំនាញដែលទទួលបានការបណ្ដុះបណ្ដាលពេញលេញទៅទៀត។
លោក Greg Jackson ដែលជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនថាមពល Octopus Energy នៅប្រទេសអង់គ្លេស បានឱ្យដឹងថា តាំងពីខែធ្នូឆ្នាំកន្លង លោកបានចាប់ផ្ដើមសាកល្បងប្រើប្រាស់កម្មវិធី ChatGPT នៅក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន។
យោងតាមលោក Greg ក្រុមហ៊ុន Octopus Energy ទុកឱ្យ AI (បញ្ញាសិប្បនិម្មិត) ឆ្លើយតបអ៊ីមេលពីអតិថិជនក្រោមការតាមដានរបស់ក្រុមអ្នកជំនាញ។ អ៊ីមេលដែល chatbot នេះសរសេរ ទទួលបានការពេញចិត្តពីអតិថិជនរហូតដល់ 80% ខ្ពស់ជាងកម្រិត 65% នៃអ៊ីមេលដែលឆ្លើយតបដោយបុគ្គលិកមានឯកទេសទៅទៀត។
ក្រោយពីបានធ្វើតេស្តរួចរាល់ ចាប់ពីដើមខែនេះ ក្រុមហ៊ុន Octopus Energy សម្រេចចិត្តប្រើប្រាស់ AI នៅក្នុងការឆ្លើយតបសារអេឡិចត្រូនិចចំនួន 34% ក្នុងចំណោមអ៊ីមេលសរុបដែលក្រុមហ៊ុននេះបានទទួលពីអតិថិជន។
កាលពីមិនទាន់មាន ChatGPT ក្រុមហ៊ុនខាងលើត្រូវការបុគ្គលិក 250 នាក់ ដើម្បីបំពេញការងារឆ្លើយតបសាររបស់អតិថិជន។ «ដោយសារ AI សេវាបម្រើអតិថិជនត្រូវបានកែសម្រួល ការឆ្លើយតបតាមទូរស័ព្ទក៏ថយចុះ ខណៈភាពពេញចិត្តរបស់អតិថិជនក៏កើនឡើង» លោក Greg បញ្ជាក់ដូច្នេះ។
ChatGPT (Chat Generative Pre-Training Transformer) គឺជាកម្មវិធី chatbot មួយដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន OpenAI។ កម្មវិធី AI នេះ ប្រើប្រាស់ «ឃ្លាំង» ចំណេះដឹងដែលវា «រៀនសូត្រ» បានពីគ្រប់ទិសទី។ វាអាចឆ្លើយនឹងសំណួរគ្រប់យ៉ាងដែលអ្នកប្រើប្រាស់ចង់ដឹង។ ChatGPT ថែមទាំងអាចនិពន្ធកំណាព្យ សរសេរបទចម្រៀង សរសេរសំបុត្រ ឬឌីហ្សាញជាដើម។ល។
ទោះជាយ៉ាងណាក៏ដោយ យោងតាមលោក Greg និងអ្នកជំនាញនានា ប្រការខាងលើនេះគឺស្មើនឹងការបញ្ឈប់ការងារបុគ្គលិកទ្រង់ទ្រាយធំ និងកើតឡើងឆាប់រហ័សជាងធម្មតា។ បញ្ហានេះកំពុងតែនាំឱ្យមានការព្រួយបារម្ភជាខ្លាំងពីក្រុមនិយោជិត ក៏ដូចជារដ្ឋាភិបាលនានានៅទូទាំងសកលលោក៕