MG ថ្មីៗនេះបានបញ្ចេញរថយន្តអគ្គិសនីតម្លៃធូរថ្លៃបំផុតនៅលើទីផ្សារប្រទេសឥណ្ឌា។ MG Motor ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរដ្ឋចិន SAIC Motor ប្រកួតប្រជែងនៅឥណ្ឌាជាមួយនឹងក្រុមអ្នកផលិតរថយន្តមួយចំនួន ក្នុងនោះមាន Tata Motors ជាដើម។
ប្រទេសចិនគឺជាទីផ្សាររថយន្តអគ្គិសនីធំជាងគេលំដាប់លេខមួយលើពិភពលោក ហើយក៏ជាចំណុចក្ដៅនៃរថយន្តអគ្គិសនីនាបច្ចុប្បន្ន។ ក្រុមអ្នកផលិតរថយន្តនៅប្រទេសឥណ្ឌា បានជោគជ័យនៅពេលដាក់លក់រថយន្តអគ្គិសនីតម្លៃទាប ហើយពេលនេះ ក្រុមហ៊ុនមួយផ្សេងទៀតរបស់ចិន កំពុងឆ្ពោះទៅក្នុងទីផ្សាររថយន្តធំជាងគេលំដាប់ទីបីលើពិភពលោកមួយនេះ។
យោងតាមទំព័រ Autocar រថយន្ត MG Motor Comet EV (តាមពិតវាគឺជារថយន្ត Wuling Air EV ដែលត្រូវបានកែលំអ) គឺជាប្រភេទដែលមានទ្វារចំនួនពីរ និងកៅអីចំនួនបួន។ រថយន្តនេះអាចបើកបរបានចម្ងាយ 230 គីឡូម៉ែត្រ និងមានតម្លៃចាប់ពី 798,000 រ៉ូពីឥណ្ឌា (9,763 ដុល្លារអាម៉េរិក)។ ដើម្បីប្រៀបធៀប រថយន្តអគ្គិសនី Tiago EV របស់ Tata ដែលមានតម្លៃចាប់ពី 849,000 រ៉ូពីឥណ្ឌា (10,400 ដុល្លារអាម៉េរិក) មានទ្វារបួន និងបរបានចម្ងាយ 315 គីឡូម៉ែត្រ។
បើទោះរថយន្តខ្នាតតូចខាងលើ ទំនងជាមិនអាចទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជននៅលោកខាងលិច ប៉ុន្តែវាអាចជាជម្រើសដ៏សមស្របសម្រាប់អតិថិជននៅប្រទេសឥណ្ឌា ដោយសារស្ថានភាពផ្លូវ និងប្រជាជនមានចំនួនច្រើន។
ក្រៅពីរថយន្តអគ្គិសនីខាងលើ MG Motor ក៏កំពុងលក់រថយន្តអគ្គិសនីប្រភេទ crossover ខ្នាតធំនៅប្រទេសឥណ្ឌាផងដែរ។ MG Motor រំពឹងថា ក្នុងឆ្នាំនេះ ចំនួនរថយន្តអគ្គិសនីនឹងកាន់កាប់ប្រហែលពី 25 ទៅ 30% នៅក្នុងចំណោមរថយន្តសរុបដែលខ្លួនបានលក់នៅប្រទេសឥណ្ឌា។
រថយន្តជិតបួនលានគ្រឿងត្រូវបានលក់នៅប្រទេសឥណ្ឌាកាលពីឆ្នាំកន្លង ក្នុងនោះមានរថយន្តអគ្គិសនីតែ 2% ប៉ុណ្ណោះ។ Tata Motors គឺជាក្រុមហ៊ុនដែលនាំមុខគេក្នុងឆ្នាំ 2022 ខណៈ BYD ក៏បានបង្ហាញរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅក្នុងទីផ្សារឥណ្ឌា កាលពីឆ្នាំ 2022 និងបានកំណត់គោលដៅកាន់កាប់ចំណែកទីផ្សាររថយន្តអគ្គិសនីឱ្យបាន 40% នៅប្រទេសនេះ ក្នុងឆ្នាំ 2030។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi សង្ឃឹមថា នឹងជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបាន 30% ក្នុងចំណោមរថយន្តទាំងអស់ដែលបានលក់ចេញនៅប្រទេសនេះ នៅឆ្នាំ 2030៕