នៅស៊ីហ្គេមបីរដូវកាលជាប់ៗគ្នា ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម សុទ្ធតែគ្រប់គ្រងតំណែងជើងឯក ហើយបច្ចុប្បន្ន ហ្វ៊ីលីពីនកំពុងតែក្លាយជាគូប្រជែងធំបំផុតរបស់វៀតណាម។ ក្រុមបាល់ទាត់មួយគូដែលទើបតែដណ្ដើមបានសិទ្ធិឡើងទៅប្រកួតនៅ World Cup នារី 2023 នេះ នឹងបន្ថែមកម្ដៅដល់ស៊ីហ្គេមនៅកម្ពុជាជាក់ជាមិនខាន។
ក្រោយពីការប្រកួតពីរជើងនៅពូល A ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម កំពុងនាំមុខគេក្នុងគម្លាត 3 ពិន្ទុ ធៀបនឹងគូប្រជែងពីរក្រុមផ្សេងទៀត។ វៀតណាមត្រូវការស្មើមួយប្រកួតទៀតប៉ុណ្ណោះនឹងបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែ វៀតណាមប្រាកដជាត្រូវជម្រះបញ្ជីចាស់ដែលខ្លួនបានចាញ់ហ្វ៊ីលីពីន 0-4 ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ AFF Cup នារី ដែលធ្វើឡើងនៅហ្វ៊ីលីពីនកាលពីឆ្នាំកន្លង។
បច្ចុប្បន្ន វៀតណាមកំពុងមានប្រៀបជាងហ្វ៊ីលីពីន។ ក្រោយការប្រកួតពីរជើង ហ្វ៊ីលីពីនរកបានតែមួយគ្រាប់ និងចាញ់មួយគ្រាប់ ខណៈដែលវៀតណាមរកបាន 6 គ្រាប់។
ថ្វីបើហ្វ៊ីលីពី បច្ចុប្បន្នហាក់បានចុះខ្សោយ ប៉ុន្តែវៀតណាមក៏ត្រូវតែមានការប្រុសប្រយ័ត្ន ព្រោះថា ក្រុមបាល់ទាត់នារីរបស់វៀតណាម ធ្លាប់ចាញ់ក្រុមបាល់ទាត់នារីហ្វ៊ីលីពីន 0-4 កាលពីឆ្នាំកន្លង ហើយហ្វ៊ីលីពីនក៏មានកីឡាការិនីច្រើនរូបដែលកំពុងលេងឱ្យបរទេស។
ការប៉ះគ្នារវាងក្រុមដែលនឹងមានវត្តមាននៅ World Cup នារី 2023 នេះ ប្រាកដជានឹងធ្វើឱ្យកក្រើកទីលានបាល់ទាត់នៅកម្ពុជានាពេលខាងមុខមិនខាន។