ទិដ្ឋភាព «ហោះឡើង» ទៅអុជព្រះអគ្គិជ័យកីឡាស៊ីហ្គេម របស់កីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ី បានបិទបញ្ចប់ពិធីសម្ពោធបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី 32 កាលពីយប់ថ្ងៃទី 05 ឧសភា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ប៉ុន្មានសប្ដាហ៍មុននោះ ព្រះអគ្គិជ័យកីឡា (ភ្លើងគប់) ស៊ីហ្គេម ត្រូវបានយកអណ្ដាតភ្លើងពីពន្លឺព្រះអាទិត្យនៅប្រាសាទអង្គរវត្ត។ នៅឯទីលានបាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ពេលទទួលបានព្រះអគ្គិជ័យកីឡាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពូលកីឡាការិនីជូជិតស៊ូ (Jujutsu) របស់ កម្ពុជា កញ្ញា ខាន់ ជេសា (Jessa Khan) ក៏កាន់រត់ចុះទៅលើឆាក ហើយប្រគល់ជូនជើងឯកកីឡាការិនីប៉េតង់ពិភពលោក កែ ឡេង។ បន្ទាប់ពីបានឆ្លងកាត់ដៃរបស់អត្តពលិកឆ្នើមជាច្រើនរូបរបស់កម្ពុជា ព្រះអគ្គិជ័យកីឡាក៏បានទៅដល់ដៃ សន សៀវម៉ី ដើម្បីឱ្យកំពូលកីឡាការិនីតៃក្វាន់ដូរូបនេះ ធ្វើសកម្មភាពចុងក្រោយនៃការអុជព្រះអគ្គិជ័យកីឡា។
សន សៀវម៉ី អាយុ 27 ឆ្នាំ មានកម្ពស់ 1.83 ម៉ែត្រ គឺជានិមិត្តរូបនៃជោគជ័យរបស់វិស័យកីឡាកម្ពុជា។ សៀវម៉ី ធ្លាប់ដណ្ដើមបានមេដាយមាសបីគ្រឿងនៅស៊ីហ្គេមឆ្នាំ 2013, 2017, 2019 ហើយក៏ជាអត្តពលិកកម្ពុជាដំបូងគេក្នុងប្រវត្តិសាស្ត្រដែលដណ្ដើមបានមេដាយមាសនៅព្រឹត្តិការណ៍កីឡាអាស៊ី (ASIAD) លើកទី 17 នៅ Incheon ឆ្នាំ 2014។
នៅក្នុងឈុតអុជព្រះអគ្គិជ័យ ខ្សែកាបបានជួយឱ្យ សៀវម៉ី ដែលមានគប់នៅនឹងដៃ «ហោះឡើង» លើអាកាស ទៅក្បែរទីតាំងអេក្រង់ hologram ដែលបន្ទាប់មកបញ្ចាំងទស្សនីយភាពដុំភ្លើងដ៏អស្ចារ្យ មុនពេលនាគទេពបង្ហាញខ្លួន និងលេបយក ហើយព្រួសបាល់ភ្លើងសំដៅគប់ស៊ីហ្គេម។ អណ្ដាតភ្លើងស៊ីហ្គេមក៏ឆេះឡើងនៅលើវិមានអគ្គិជ័យកីឡារបស់ពហុកីឡដ្ឋានមរតកតេជោ បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32 បានចាប់ផ្ដើមជាផ្លូវការ។
ឈុតឆាកអុជព្រះអគ្គិជ័យស៊ីហ្គេមនេះក៏បានបិទបញ្ចប់ពិធីសម្ពោធបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 ដែលធ្វើឡើងរយៈពេល 150 នាទី កាលពីយប់ថ្ងៃទី 05 ឧសភា 2023 ផងដែរ៕
មហាទស្សនីយភាពនៅមុនពិធីអុជព្រះអគ្គិជ័យកីឡា ៖