(សហរដ្ឋអាម៉េរិក) – ម៉ាស៊ីនប្រតិកម្មនុយក្លេអែរ ឬហៅថា រ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូចរបស់ក្រុមហ៊ុន Radiant Industries អាចផ្គត់ផ្គង់អគ្គិសនីមួយម៉េហ្កាវ៉ាត់ និងបំពាក់បច្ចេកវិទ្យាទំនើបជាច្រើនដើម្បីទប់ស្កាត់បញ្ហារលាយ ដោយសារកម្ដៅ។
Doug Bernauer អតីតវិស្វករអេឡិចត្រូនិចអាកាសចរណ៍របស់ SpaceX កាលពីឆ្នាំ 2019 បានបង្កើតក្រុមហ៊ុន Radiant Industries ដែលជំនាញខាងអភិវឌ្ឍម៉ាស៊ីនប្រតិកម្មនុយក្លេអែរចល័តដែលអាចដាក់នៅក្នុងកុងតឺន័រ។ ក្រុមហ៊ុននេះមានគោលដៅអភិវឌ្ឍរ៉េអាក់ទ័រនុយក្លេអែរខ្នាតតូចដែលអាចដាក់នៅតំបន់ដាច់ស្រយាលបំផុតរបស់ផែនដី និងអាចផ្គត់ផ្គង់អគ្គិសនីមិនថាក្នុងវិស័យយោធា ឬស៊ីវិល។
ទំព័រ Interesting Engineering ឱ្យដឹងថា ផែនការរបស់ Radiant គឺការបង្កើតម៉ាស៊ីនប្រតិកម្មនុយក្លេអែរដែលអាចផលិតអគ្គិសនីមួយម៉េហ្កាវ៉ាត់ គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់មនុស្សប្រហែល 1,000 គ្រួសារ។
យោងតាមកម្មវិធីថ្នាក់ជាតិមួយរបស់សហរដ្ឋអាម៉េរិក ក្រុមហ៊ុន Radiant កំពុងធ្វើការជាមួយបន្ទប់ពិសោធន៍ជាតិ Idaho និង Argonne ដើម្បីកែលំអផលិតផល។ បច្ចុប្បន្ន ក្រុមហ៊ុននេះក៏កំពុងផ្ដោតលើបច្ចេកទេសរបស់ម៉ាស៊ីនរ៉េអាក់ទ័រ និងការសុំច្បាប់អនុញ្ញាតសម្រាប់ការរចនា ក៏ដូចជាកម្មសិទ្ធិបញ្ញាលើបច្ចេកវិទ្យានេះ។