នៅល្ងាចម៉ោង 16 ថ្ងៃទី 02 ឧសភានេះ ក្រុមបាល់ទាត់បុរសជម្រើសជាតិអាយុក្រោម 22 ឆ្នាំ (U-22) របស់មីយ៉ាន់ម៉ា នឹងត្រូវប្រកួតជាមួយ U-22 របស់ប្រទេសទីម័រខាងកើត នៅក្នុងជើងទីពីរបស់ពូល A នៃវិញ្ញាសាបាល់ទាត់បុរសនៅស៊ីហ្គេមលើកទី 32។
នៅមុនស៊ីហ្គេមចូលមកដល់ U-22 របស់មីយ៉ាន់ម៉ា បានបោះជំរំហ្វឹកហាត់នៅប្រទេសថៃ ដើម្បីត្រៀមខ្លួនសម្រាប់ស៊ីហ្គេម។ ក៏ប៉ុន្តែ លទ្ធផលដែល U-22 មីយ៉ាន់ម៉ា បានទទួល គឺមិនល្អប៉ុន្មាន ដោយសារតែពួកគេបានឈ្នះតែមួយប្រកួត និងចាញ់រហូតដល់បីប្រកួត។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពូល «ស្រួលដកដង្ហើម» ដែលរួមមាន ឥណ្ឌូណេស៊ី ទីម័រខាងកើត ហ្វ៊ីលីពីន និងកម្ពុជា គេឃើញថា U-22 មីយ៉ាន់ម៉ា នៅតែមានសង្ឃឹមអាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយការប្រកួតជាមួយទីម័រខាងកើតនៅល្ងាចថ្ងៃទី 02 ឧសភានេះ ក្រុមមីយ៉ាន់ម៉ាប្រាកដជានឹងបង្ហាញសមត្ថភាពបានល្អបំផុត។
ចំណែក U-22 ទីម័រខាងកើតវិញ ទើបតែចាញ់ក្រុមម្ចាស់ផ្ទះកម្ពុជា នៅក្នុងការប្រកួតបើកឆាក ដោយលទ្ធផល 0-4។ ក្រុមទីម័រខាងកើតបានបង្ហាញយ៉ាងច្បាស់នូវចំណុចខ្សោយដ៏គ្រោះថ្នាក់របស់ខ្លួនទាក់ទងនឹងខ្សែប្រយុទ្ធ និងខ្សែការពារ។ ជាមួយនឹងសមត្ថភាពបច្ចុប្បន្ន ទីម័រខាងកើតហាក់ដូចកំពុងដើរតួជាក្រុម «បម្រើ» នៅស៊ីហ្គេមលើកនេះ។ ដូច្នេះ ក្នុងការប្រកួតនៅថ្ងៃនេះ កូនសិស្សរបស់គ្រូបង្វឹក Park Soon Tae ប្រហែលជាអាច «ជូន» បីពិន្ទុឱ្យ U-22 មីយ៉ាន់ម៉ា ដោយស្រួល។
ការប្រកួតរវាង U-22 មីយ៉ាន់ម៉ា និងទីម័រខាងកើតនៅវេលាម៉ោង 16 ថ្ងៃទី 02 ឧសភា ឆ្នាំ 2023 នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕