គ្រូបង្វឹក Indra Sjafri នៃក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម 22 ឆ្នាំ (U-22) របស់ប្រទេសឥណ្ឌូណេស៊ី មានការភ្ញាក់ផ្អើលចំពោះហេដ្ឋារចនាសម្ព័ន្ធសម្រាប់បាល់ទាត់នៅស៊ីហ្គេមលើកទី 32 របស់ម្ចាស់ផ្ទះកម្ពុជា។
U-22 ឥណ្ឌូណេស៊ី ត្រូវបានរៀបចំឱ្យហ្វឹកហាត់នៅទីលានរបស់ក្លឹបវិសាខា ក្រោយពីបានមកដល់កម្ពុជា។ ថ្វីបើទីលាននេះនៅឆ្ងាយពីសណ្ឋាគារភ្នំពេញដែលក្រុមឥណ្ឌូណេស៊ីស្នាក់នៅ ប៉ុន្តែ ជំនួសមកវិញ វាលស្មៅរបស់ទីលាននេះបានធ្វើឱ្យគ្រូបង្វឹក Indra Sjafri មានការពេញចិត្ត។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ គ្រូបង្វឹក Indra Sjafri និយាយថា «ខ្ញុំមានការភ្ញាក់ផ្អើល។ ឆ្នាំ 2019 ខ្ញុំបានទៅដល់ទីនោះ វាជាវាលស្មៅសិប្បនិម្មិត តែពេលនេះគឺជាស្មៅធម្មជាតិ។ នោះគឺជាការផ្លាស់ប្ដូរធំ ហើយផ្ទៃរបស់ទីលាននេះល្អណាស់»។
គ្រូបង្វឹក Indra Sjafri ក៏ពេញចិត្តនឹងគុណភាពរបស់ទីលានប្រកួត នៅពេលរួមដំណើរជាមួយក្រុមកូនសិស្ស ធ្វើទស្សនកិច្ចកីឡដ្ឋានជាតិអូឡាំពិក ជាទីដែលនឹងមានការប្រកួតរបស់បណ្ដាក្រុមនៅពូល A ។
នៅថ្ងៃទី 29 មេសានេះ ឥណ្ឌូណេស៊ីនឹងប្រកួតបើកឆាកជាមួយហ្វ៊ីលីពីន វេលាម៉ោង 16 ល្ងាច។ ម៉ោង 19 ក្បាលព្រលបនៃថ្ងៃដដែល ម្ចាស់ផ្ទះកម្ពុជានឹងប្រកួតជាមួយទីម័រខាងកើត។