នៅក្នុងបញ្ជីឈ្មោះស្ដីពីកីឡាករ 20 រូបរបស់ក្រុម U-22 ថៃ ដែលនឹងចូលរួមប្រកួតនៅស៊ីហ្គេមលើកទី 32 ក៏មានកីឡាករសំខាន់បីរួប រួមមាន Jonathan Khemdee, Teerasak Poeiphimai និង Airafan Doloh ។
សហព័ន្ធបាល់ទាត់ថៃ បានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះកីឡាករ 20 រូបដែលនឹងត្រូវចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី 32 នៅកម្ពុជា។ នៅក្នុងបញ្ជីឈ្មោះនេះ ខ្សែការពារ Jonathan Khemdee, ខ្សែប្រយុទ្ធ Teerasak Poeiphimai និងខ្សែបម្រើ Airafan Doloh សុទ្ធតែមានវត្តមាន។
ក្រៅពីនេះ កីឡាករពីររូបដែលទាត់នៅអឺរ៉ុប គឺ Chayapipat និង Achitpol Keereerom ក៏មានឈ្មោះនៅក្នុងបញ្ជី U-22 ថៃផងដែរ។ គ្រូបង្វឹក Issataro របស់ថៃ នាំយកអ្នកចាំទីមកកាន់ស៊ីហ្គេមតែពីររូបប៉ុណ្ណោះ រួមមាន Thirawoot Sraunson និង Soponwit Rakyart ។
ខ្សែការពាររបស់ U-22 ថៃ នៅស៊ីហ្គេមលើកនេះមាន 7 នាក់ រួមមាន Khemdee, Apisit Saenseekammuan, Chatmongkol Rueangthanarot, Songchai Thongcham, Bukkoree Lemdee, Jakkapong Sanmahung និង Pongsakorn Trisat។ ខ្សែបម្រើរួមមាន Airfan Doloh, Chayapipat Supunpasuch, Purachet Thodsanit, Settasit Suvannaseat, Channarong Promsrikaew, Thirasak Prueangna, Anan Yodsangwal និង Leon James ។ ចំណែកខ្សែប្រយុទ្ធមានបីនាក់ គឺ Teerasak Poeiphimai, Yotsakorn Burapha និង Achitpol Keereerom ។
យោងតាមផែនការ ថ្ងៃទី 27 មេសានេះ ក្រុម U-22 ថៃ នឹងធ្វើដំណើរមកកម្ពុជា ដើម្បីត្រៀមខ្លួនចូលប្រកួតនៅស៊ីហ្គេម។ គោលដៅរបស់ពួកគេគឺមេដាយមាសកីឡាបាល់ទាត់ ដែលបច្ចុប្បន្នក្រុមវៀតណាមគឺជាអ្នកការពារ។
កាលវិភាគនៃការប្រកួតបង្ហាញថា U-22 ថៃ នឹងចាប់ផ្ដើមដំណើរការឆ្ពោះទៅរកមេដាយដោយការប៉ះនឹងក្រុម U-22 សិង្ហបុរី នៅថ្ងៃទី 30 មេសាខាងមុខ។ បន្ទាប់មក U-22 ថៃ នឹងត្រូវប្រកួតជាមួយ U-22 ម៉ាឡេស៊ីនៅថ្ងៃទី 06 ឧសភា និង ឡាវនៅថ្ងៃទី 08 ឧសភា។ ចំណែកការប្រកួតចុងក្រោយរបស់ថៃនៅវគ្គចែកពូល នឹងធ្វើឡើងនៅថ្ងៃទី 11 ឧសភា ដោយត្រូវប៉ះក្រុមវៀតណាម៕