Skip to content

​ក្រុមបាល់ទាត់​បុរស​​ទីពីរ​ដែល​បាន​មកដល់​កម្ពុជា ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម​លើក​ទី 32

ល្ងាច​ថ្ងៃទី 25 មេសា​នេះ ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​ប្រទេស​ឥណ្ឌូណេស៊ី បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នៅ​ស៊ី​ហ្គេម​លើក​នេះ។

U-22 ឥណ្ឌូណេស៊ី គឺជា​ក្រុមបាល់ទាត់​ជម្រើសជាតិ​ទី​ពីរ​ដែល​បាន​មកដល់​ទឹកដី​កម្ពុជា ដើម្បី​ត្រៀមខ្លួន​សម្រាប់​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍។ ក្រុមបាល់ទាត់​បុរស​ដែល​បាន​មកដល់​កម្ពុ​ជាមុន​គេ​គឺ U-22 ហ្វ៊ី​លី​ពី​ន។

U-22 ឥណ្ឌូណេស៊ី ក៏​ជា​ក្រុម​​ដំបូង​គេ​ដែល​បាន​បំពេញ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​នេះ។ U-22 ឥណ្ឌូណេស៊ី មានឈ្មោះ​កីឡាករ​ជាច្រើន​ដែល​ធ្លាប់បាន​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 31 ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Shin Tae-yong មានដូចជា អ្នកចាំទី Ernando Ari, ខ្សែការពារ​កណ្ដាល Rizky Ridho, ខ្សែការពារ​ស្លាប​ទាំងពីរ​គឺ Pratama Arhan និង Alfeandra Dewangga, ខ្សែបម្រើ Marselino Ferdinan, Witan Sulaeman។ល។ ទន្ទឹមនឹងនេះ គ្រូបង្វឹក Indra Sjafri ក៏​បន្ថែម​កីឡាករ​ថ្មី​ជាច្រើន​នាក់​ដែលមាន​អាយុ​ពី 19 ដល់ 21 ឆ្នាំ។

ចំណែក​កីឡាករ​ដែល​អវត្តមាន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​របស់ U-22 ឥណ្ឌូណេស៊ី ប្រហែលជា Ronaldo Kwateh ដែលជា​តារាបាល់ទាត់​មួយរូប​របស់​ប្រទេស​នេះ។ អវត្តមាន​របស់ Ronaldo Kwateh ​ទំនង​​បណ្ដាល​មក​ពី​ការ​រង​របួស​ពេល​ប្រកួត​។ ក៏ប៉ុន្តែ ប្រធាន​ក្រុម​គ្រូបង្វឹក​របស់​ឥណ្ឌូណេស៊ី បាន​អះអាងថា «ខ្ញុំ​មិន​បារម្ភ​អ្វី​ឡើយ​នៅពេល​អវត្តមាន Ronaldo»។

នៅ​ស៊ី​ហ្គេម​លើក​នេះ U-22 ឥណ្ឌូណេស៊ី​ស្ថិតក្នុង​ពូ​ល A ជាមួយនឹង​កម្ពុជា ហ្វ៊ី​លី​ពី​ន មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត។ U-22 ឥណ្ឌូណេស៊ី នឹងត្រូវ​ប្រកួត​ជាមួយ U-22 ហ្វ៊ី​លី​ពី​ន វេលា​ម៉ោង 16 គត់ ថ្ងៃទី 29 មេសា។ ក្នុង​ថ្ងៃ​នោះ​ដែរក៏​នឹង​មាន​ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ជាមួយ​នឹង​ទីម័រខាង​កើត នៅ​វេលា​ម៉ោង 19 គត់​៕

Leave a Reply

Your email address will not be published. Required fields are marked *