Skip to content

​ក្រោយ​ពី​​បាន​បង្ហាញ​ថ្វី​ជើង​នៅ​អឺរ៉ុប តារា​បាល់​ទាត់​ថៃ​មាន​ទំនុក​ចិត្ត​ខ្ពស់​នៅ​មុន​ស៊ីហ្គេម​​កម្ពុជា​មក​ដល់

​ក្នុង​ថ្ងៃ​ដំបូងនៃ​ការ​​ជួប​ជុំ​​របស់​ខ្លួន​នៅ​ក្នុង​​ក្រុម​បាល់​ទាត់​បុរស​ជម្រើស​ជាតិ​អាយុ​ក្រោម​ 22 ឆ្នាំ (U-22) របស់ប្រទេស​ថៃ ដែល​​ត្រៀម​ខ្លួន​សម្រាប់​ចូល​រួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជា​ ខ្សែ​ប្រយុទ្ធ​ Achitpol Keereerom បាន​និយាយ​ដោយ​ភាព​ជឿ​ជាក់។

កាល​ពី​ល្ងាច​ថ្ងៃទី 24 មេសា U-22 ថៃ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ហ្វឹក​ហាត់​ទីបួន​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេម​លើក​ទី​ 32។ ​ក្នុង​​ថ្ងៃ​ហ្វឹក​ហាត់​នៅ​តំបន់​ទេសចរណ៍​កីឡា Phatthana ខេត្ត Chonburi គ្រូបង្វឹក​ Issara Sritaro បន្ត​ទទួល​ស្វាគមន៍​វត្តមាន​របស់​កីឡាករ​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន Achitpol Keereerom ដែល​ជា​តារា​បាល់​ទាត់​មួយ​រូប​កំពុង​ប្រកួត​ឱ្យ​ក្លឹប​នៅ​អឺរ៉ុប​។

Achitpol Keereerom បច្ចុប្បន្ន​ស្ថិត​ក្នុង​ចំណោម​កីឡាករ​វ័យ​ក្មេង​​របស់​ក្លឹប Augsburg ដែល​ប្រកួត​នៅ​ឯ​ពាន​រង្វាន់​លំដាប់​ទីបួន​របស់​ប្រទេស​អាល្លឺម៉ង់​។ នៅ​មុន​ថ្ងៃ​ត្រលប់​មក​ជួប​ជុំ​ក្រុម​ U-22 ថៃ ខ្សែ​ប្រយុទ្ធ​កើត​ឆ្នាំ 2001 រូប​នេះ​ បាន​បង្ហាញ​ថ្វី​ជើង​ដ៏​ល្អ​របស់​ខ្លួន​ ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ជួយ​ឱ្យ​ Augsburg ឈ្នះ Hankofen-Hailing 2-1 នៅ​ក្នុង​វគ្គ​ទី 33 នៃ​ការ​ប្រកួត​ដណ្ដើម​​ពាន​រង្វាន់​លំដាប់​ទី​​បួន​នៅ​អាល្លឺម៉ង់​។

នៅ​ក្នុង​ការ​ហ្វឹក​ហាត់​ថ្ងៃដំបូង​របស់​ខ្លួន​ បន្ទាប់​ពី​ជួប​ជុំក្រុម​ U-22 ថៃ ខ្សែ​ប្រយុទ្ធ​ Achitpon Keereerom បាន​ថ្លែង​ដោយ​ក្ដី​​រីក​រាយ​ថា «ការ​ទាត់​បញ្ចូល​ទី​ឱ្យ​ Augsburg នៅ​មុន​ស៊ីហ្គេម​មក​ដល់​ គឺ​ពិត​ជា​បាន​នាំ​មក​ថាមពល​ និង​ភាព​ជឿ​ជាក់​ដល់​ខ្ញុំ​យ៉ាង​ច្រើន​។ ខ្ញុំ​ចង់​បន្ត​រក្សា​កម្លាំង​នេះ​នៅ​ក្នុង​ពាន​រង្វាន់​នា​ពេលខាងមុខ​»។

«ខ្ញុំ​មិន​មាន​ការ​បារម្ភ​ទាល់​តែ​សោះ​នៅមុន​ស៊ីហ្គេម​លើក​ទី 32​។ ពួក​យើង​មក​ទីនេះ​ក្នុង​បំណងដណ្ដើម​ជ័យ​ជម្នះ​។ U-22 ថៃ ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួន ហើយ​នឹង​ប្រឹង​ប្រែង​ឱ្យ​អស់​ពីលទ្ធភាព​…។

ក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុម​ U-22 ថៃ ដែល​ត្រៀម​សម្រាប់​ស៊ីហ្គេម​នៅ​កម្ពុជា Achitpol Keereerom គឺជា​ម្នាក់​ក្នុង​ចំណោម​កីឡាករ​​ថៃពីរ​រូប​ (ក្នុង​នោះ​មាន Chayapipat Suphanphat ទាត់​ឱ្យ​ក្លឹប Estoril របស់​ព័រទុយហ្កាល់)​ ​ដែល​កំពុង​ប្រកួត​នៅ​អឺរ៉ុប​។ Achitpol Keereerom កំពុង​លេច​ធ្លោ​នៅ​ពាន​រង្វាន់​លំដាប់​ទីបួន​នៃ​ប្រទេស​អាល្លឺម៉ង់ នៅ​ពេល​បាន​រួម​ចំណែក​រក​បាន​ពីរ​គ្រាប់​ និង​បង្ក​ឱកាស​បាន​មួយ​គ្រាប់​ឱ្យ​ Augsburg ​ក្រោយ​ការ​ប្រកួត​ 566 នាទី​នៅ​ក្នុង​ 16 ប្រកួត​​នា​ពេល​កន្លង​៕

Leave a Reply

Your email address will not be published. Required fields are marked *