ដំណឹងល្អបានលេចឡើងសម្រាប់កីឡាករនៃក្រុមគុនល្បុក្កតោជម្រើសជាតិវៀតណាម គ្រាដែលនៅសល់មិនដល់ពីរសប្ដាហ៍ទៀតប៉ុណ្ណោះ ស៊ីហ្គេមលើកទី 32 នឹងត្រូវបានសម្ពោធបើកការប្រកួតនៅកម្ពុជា។
ដំណឹងល្អខាងលើ នោះគឺអត្តពលិកដែលដណ្ដើមបានមេដាយមាសក្នុងវិញ្ញាសាប្រកួតក្បាច់គុនល្បុក្កតោនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅកម្ពុជា នឹងទទួលបានប្រាក់រង្វាន់ 20 លានដុង ពីសហព័ន្ធកីឡាគុនបុរាណវៀតណាម។
លោក ង្វៀន ង៉ុកអាញ់ ប្រធានសហព័ន្ធកីឡាគុនបុរាណវៀតណាម បានឱ្យដឹងថា «ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិកនៃក្រុមកីឡាគុនល្បុក្កតោជម្រើសជាតិវៀតណាម សហព័ន្ធក្បាច់គុនបុរាណវៀតណាម នឹងផ្ដល់ប្រាក់រង្វាន់ 20 លានដុង (ជាង 850 ដុល្លារអាម៉េរិក) ដល់អត្តពលិកម្នាក់ៗដែលដណ្ដើមបានមេដាយមាសក្នុងវិញ្ញាសាប្រកួតក្បាច់គុនល្បុក្កតោនៅស៊ីហ្គេមលើកទី 32»។
យោងតាមសារព័ត៌មានវៀតណាម ការលើកទឹកចិត្ត ក៏ដូចជាការប្រកាសផ្ដល់រង្វាន់ទាន់ពេលនេះនឹងក្លាយជាការជំរុញដ៏សំខាន់ដើម្បីឱ្យកូនសិស្ស និងគ្រូបង្វឹករបស់ក្រុមគុនល្បុក្កតោជម្រើសជាតិវៀតណាម ឆ្ពោះទៅរកលទ្ធផលល្អក្នុងការប្រកួតស៊ីហ្គេមនៅកម្ពុជា។
លោក ឡេ កុងប៊ុត ប្រធានក្រុមគ្រូបង្វឹករបស់ក្រុមគុនល្បុក្កតោវៀតណាម បាននិយាយថា «តាមការកំណត់ អត្តពលិកម្នាក់ៗដែលចូលរួមប្រកួតនៅស៊ីហ្គេម នឹងទទួលបានប្រាក់រង្វាន់ 45 លានដុងសម្រាប់មេដាយមាស, 25 លានដុងសម្រាប់មេដាយប្រាក់ និង 20 លានដុងសម្រាប់មេដាយសំរឹទ្ធ»។
វិញ្ញាសាគុនល្បុក្កតោរបស់កម្ពុជា ថ្វីបើទើបតែមានវត្តមានជាលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ប៉ុន្តែតាមគម្រោង នឹងមានប្រាំក្រុមចូលរួមប្រកួតដណ្ដើមមេដាយចំនួន 19 គ្រឿង។
យោងតាមកាលវិភាគនៃការប្រកួតនៅស៊ីហ្គេមលើកទី 32 វិញ្ញាសាគុនល្បុក្កតោនឹងសម្ពោធបើកការប្រកួតនៅថ្ងៃទី 05 ឧសភា ហើយចាប់ផ្ដើមការប្រកួតពីថ្ងៃទី 06 ដល់ 14 ឧសភា 2023៕