Skip to content

Man Utd សម្លឹង​រក​កៅអី​វគ្គ16ក្រុម ខណៈ Juventus រំពឹង​ផ្តួល Sporting

ក្រុម​បិសាច​ក្រហម Manchester United របស់លោក Jose Mourinho នឹង​សម្លឹង​រក​ការ​ឈ្នះ​កៅអី​ទៅ​ប្រកួត​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League នៅពេលដែល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​បាត​តារាង Benifica ក្នុងការ​ប្រកួត​ពូ​ល A នៅ​រាត្រី​នេះ។

ក្រុម​របស់លោក Mourinho អាច​នឹង​ឈ្នះ​កៅអី​ទៅលេង​ក្នុង​វគ្គ16ក្រុម ដោយ​ការ​នៅសល់2ប្រកួត​ទៀត តាមរយៈ​ការយក​ឈ្នះ​នៅ​កីឡដ្ឋាន Old Trafford ប្រសិនបើ Basel គេច​ផុតពី​បរាជ័យ​ពេល​ប៉ះ​ក្រុម CSKA Moscow។ Man Utd មិន​ស្គាល់​ចាញ់​សោះ​លើ​ទឹកដី​ខ្លួនឯង ពី​ការជួប​ប្រកួត​ជាមួយនឹង​ក្រុម​មកពី​ព័រ​ទុយ​ហ្គា​ល់​ចំនួន12លើក ខណៈដែល​ការ​ចាញ់​ជា​លើកចុងក្រោយ​របស់​ពួកគេ​លើ​ទឹកដី​ខ្លួនឯង​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប បាន​កើតឡើង​ក្នុង​លទ្ធផល 2-1 ពេល​ជួប​ក្រុម Real Madrid កាលពី​រដូវ​កាល​ឆ្នាំ2012-2013។

Benfica ហាក់​កំពុងតែ​ឆ្ពោះទៅកាន់​ការធ្លាក់​ចេញ ក្រោយពី​ចាញ់3លើក​ពី​ការប្រកួត​បើកឆាក​ទាំង3លើក​របស់​ពួកគេ ហើយ​និង​លេង​ដោយ​គ្មាន​ខ្សែការពារ​ជើងចាស់ Luisao ក្រោយពី​ការរង​ពិន័យ​កាត​ក្រហម ក្នុងពេល​ក្រុម​ខ្លួន​ចាញ់ Man United 1-0 ក្នុង​ក្រុង Lisbon កាលពី2 សប្តាហ៍​មុន។ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Jonas បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុងការ​ប្រកួត​លី​ក​លើក​ទី12របស់គេ ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 1-0 លើ​ក្រុម Feirense កាលពី​ថ្ងៃ​សុក្រ ខណៈដែល​ក្រុម Man United បាន​ស្តារ​មុខមាត់​ពី​ការរង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម Huddersfield Town តាមរយៈ​ការ​ផ្តួល​ក្រុម Tottenham 1-0 កាលពី​ថ្ងៃ​សៅរ៍ តាមរយៈ​គ្រាប់​បាល់​ឈ្នះ​របស់ Anthony Martial។ ស្របពេល​ជាមួយគ្នានេះ Sporting Lisbon និង Juventus នឹងត្រូវ​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ2ក្នុង​ពូ​ល D បន្ទាប់ពី Barcelona ខណៈ​ការប្រកួត​នៅ​រាត្រី​នេះ គឺជា​ការប្រកួត​ដ៏​សំខាន់ ក្រោយពី​ក្រុម​យក្ស​របស់​អ៊ីតាលី បាន​យកឈ្នះ 2-1 កាលពី​ជើង​មុន ក្នុង​ទីក្រុង Turin។

ក្រុម Sporting កំពុងតែ​សម្លឹង​រក​ការ​តាម​ស្មើ​ពិន្ទុ​របស់​គូប្រកួត​ខ្លួន បើទោះបី Juventus នឹង​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ទៅ​វគ្គ​បន្ត ប្រសិនបើ​ឈ្នះ​ក៏ដោយ។ Juventus ទើបតែ​បាន​កត់ត្រា​ជ័យជម្នះ6លើកជាប់ៗគ្នា​នេះ ក្នុង​ក្របខ័ណ្ឌ Serie A ហើយ​ពួកគេ​បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​នេះ តាមរយៈ​ការ​ផ្តួល​ក្រុម AC Milan 2-០ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ។ ការប្រកួត​ទាំងពីរ​គូ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 2:45ទៀបភ្លឺ៕

ប្រភពពី៖ Sport 24

Leave a Reply

Your email address will not be published. Required fields are marked *