ភូមិស៊ីហ្គេមលើកទី 32 អាចដាក់មនុស្សបាន 3,500 នាក់ ស្មើនឹង 32% នៃចំនួនសមាជិកសរុបមកពី 11 ក្រុមប្រតិភូដែលចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅរាជធានីភ្នំពេញ។
ភូមិស៊ីហ្គេមលើកទី 32 ស្ថិតនៅលើតំបន់ដែលមានទំហំ 8 ហិកតា ក្បែរពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅភ្នំពេញ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មការរៀបចំការប្រកួតស៊ីហ្គេមលើកទី 32 (CAMSOC) ឱ្យដឹងថា ភូមិស៊ីហ្គេមត្រូវបានរៀបចំរួចរាល់ និងអាចទទួលអត្តពលិកចាប់ពីថ្ងៃទី 17 មេសា។
យោងតាម CAMSOC ចំនួនសមាជិកសរុបរបស់បណ្ដាក្រុមប្រតិភូកីឡាដែលនឹងចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 មាន 12,404 នាក់។ ក្នុងនោះ ប្រទេសថៃមានច្រើនជាងគេ ពោលគឺ 1,985 នាក់, បន្ទាប់មកគឺ ឥណ្ឌូណេស៊ី (1,802 នាក់), វៀតណាម (1,663 នាក់), ម៉ាឡេស៊ី (1,532 នាក់), ហ្វ៊ីលីពីន (1,342 នាក់), សិង្ហបុរី (1,228 នាក់), កម្ពុជា (1,158 នាក់), មីយ៉ាន់ម៉ា (694 នាក់), ឡាវ (656 នាក់), ទីម័រខាងកើត (171 នាក់) និងប្រុយណេ (113 នាក់)។
ព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះមាន 37 វិញ្ញាសា ក្នុងនោះមាន 32 វិញ្ញាសាត្រូវប្រកួតនៅភ្នំពេញ។ ភូមិស៊ីហ្គេមលើកទី 32 អាចដាក់មនុស្សបាន 3,500 នាក់ ស្មើនឹង 32% នៃចំនួនសមាជិកសរុបប្រមាណ 11,000 នាក់ដែលចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅរាជធានីភ្នំពេញ។ ក្រៅពីនេះនឹងត្រូវប្រកួត និងស្នាក់នៅក្នុងខេត្តចំនួនបួនទៀត រួមមាន ខេត្តកែប កំពត សៀមរាប និងខេត្តព្រះសីហនុ។
សមាជិកប្រមាណ 68% ដែលមិនស្នាក់នៅក្នុងភូមិស៊ីហ្គេម នឹងត្រូវបានរៀបចំឱ្យស្នាក់នៅក្នុងបណ្ដាសណ្ឋាគារចាប់ពីផ្កាយបួនឡើងទៅដែលនៅក្បែរទីតាំងប្រកួត។
យោងតាមការកំណត់របស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ថ្លៃស្នាក់នៅហូបចុករបស់អត្តពលិកគឺ 50 ដុល្លារអាម៉េរិក/ម្នាក់/ថ្ងៃ។ បណ្ដាក្រុមដែលចូលរួមគឺជាអ្នករ៉ាប់រងថ្លៃហូបចុកស្នាក់នៅឱ្យប្រទេសម្ចាស់ផ្ទះ។
ថ្មីៗនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានបញ្ជាក់ថា កម្ពុជារៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស៊ីហ្កេមលើកទី 32 បាន 90% ហើយ។ ចំណែក 10% ទៀតគឺជាការងារតុបតែងលំអ៕