ថ្មីៗនេះ ឆានែល YouTube CB Media បានចូលរួមតាមដានព្រឹត្តិការណ៍ប្លែក និងពិសេសនៅលើវាលស្រែនៅប្រទេសថៃ ជាទីដែលប្រជាកសិកររកឃើញភាពសប្បាយរីករាយរបស់ពួកគេ នោះគឺការប្រណាំងគោយន្ត។
នៅពេលដែលក្រុមមនុស្សឧស្សាហ៍ជាងគេទំនេរពីការធ្វើស្រែចំការ ការចិញ្ចឹមសត្វ ពួកគេក៏បានរកឃើញការសប្បាយនៅឯវាលស្រែ ដោយមានធុងស្រាបៀរ ចំណីអាហារ និងទស្សនាការប្រណាំងគោយន្តដ៏គួរឱ្យចាប់អារម្មណ៍។
គោយន្តទាំងឡាយដែលចូលរួមការប្រណាំងនេះគឺសុទ្ធតែត្រូវបានប្រើប្រាស់ក្នុងការធ្វើស្រែចំការនៅប្រទេសថៃ។ ពួកវាត្រូវបានប្រជាកសិករហៅថា E-tak ឬ E-tan ហើយនេះគឺជាការកែច្នៃរបស់ជាងម៉ាស៊ីនរបស់ថៃ និងមានសណ្ឋានស្រដៀងនឹងម៉ាស៊ីនកាត់ស្មៅនៅសហរដ្ឋអាម៉េរិក។
អ្នកចូលរួមប្រកួតនឹងមានវិធីដោយឡែកដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន ក៏ដូចជាគោយន្ត។ ជាក់ស្ដែង គោលការណ៍នៃព្រឹត្តិការណ៍ប្រកួតនេះគឺមិនមានការកំណត់អ្វីទាំងអស់ ដោយគ្រប់យ៉ាងត្រូវបានកែច្នៃតាមចិត្ត។
YouTuber Chad Bee របស់ឆានែល CB Media ឱ្យដឹងថា «អ្នកដែលចូលរួមប្រកួតក៏មានសិទ្ធិយកម៉ាស៊ីនបម្រុងមកជាមួយ ព្រោះថា ម៉ាស៊ីនអាចមានបញ្ហាក្នុងពេលប្រកួត»។
ទីកន្លែងប្រណាំងគោយន្តនេះគឺស្ថិតនៅលើវាលស្រែដែលពេញដែលសម្បូរឧបសគ្គ។ គោយន្តទាំងអស់គឺជារបស់កែច្នៃធម្មតា មិនមានប្រព័ន្ធ ឬបច្ចេកវិទ្យាទំនើបណាមួយឡើយ។
នៅក្នុងការប្រកួត ពេលខ្លះ អ្នកបញ្ជាក៏ត្រូវបានគ្រវាត់ធ្លាក់ចេញពីគោយន្ត។ ដោយហេតុនេះហើយ ពួកគេតែងតែប្រើប្រាស់ឧបករណ៍ការពារខ្លួនមួយចំនួន មានដូចជា មួកសុវត្ថិភាព និងបន្ទះដែកការពារជើងដែលច្នៃដោយខ្លួនឯងជាដើម៕