គ្រួបង្វឹក Indra Sjafri ទទួលស្គាល់ថា លោកមិនទាន់ទទួលបានចម្លើយពី Ronaldo Kwateh បន្ទាប់ពីបានកោះហៅកម្លាំងបន្ថែម 7 នាក់ទៀតពីក្រុម U-20 ឱ្យឡើងមកកាន់ U-22 ដើម្បីចូលរួមប្រកួតនៅស៊ីហ្គេមលើកទី 32 ដែលនឹងធ្វើឡើងនៅកម្ពុជានាពេលខាងមុខ។
ថ្មីៗនេះ ទំព័រ Bola Times របស់ឥណ្ឌូណេស៊ី បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅពេលសរសេរថា «Ronaldo Kwateh មិនទទួលយកការកោះហៅមកកាន់ក្រុម U-22 ឥណ្ឌូណេស៊ី តើគាត់មិនចាប់អារម្មណ៍ដល់ការប្រកួតនៅស៊ីហ្គេម 2023?»។
កន្លងទៅថ្មីៗនេះ ដើម្បីត្រៀមខ្លួនសម្រាប់ការដណ្ដើមមេដាយមាសនៅស៊ីហ្គេមលើកទី 32 គ្រូបង្វឹករបស់ U-22 ឥណ្ឌូណេស៊ីលោក Indra Sjafri បានពិភាក្សាជាមួយគ្រូបង្វឹក Shin Tae Yong ដើម្បីធ្វើការកោះហៅកីឡាករ 7 នាក់នៅ U-20 ឱ្យឡើងមកកាន់ U-22 របស់ប្រទេសនេះ ក្នុងនោះមាន Ronaldo Kwateh, Hokky Caraka, Daffa Fasya, Muhamamad Ferrari, Doni Tri Pamungkas, Ahmad Maulana និង Marselino Ferdinan។
ក៏ប៉ុន្តែ ទំព័រ Bola Times ដកស្រង់សម្ដីរបស់លោក Indra Sjafri ឱ្យដឹងថា រហូតមកដល់ពេលនេះ លោកមិនទាន់ទទួលបានការឆ្លើយតបណាមួយពី Ronaldo Kwateh នៅឡើយ ក្រោយពីបានកោះហៅឱ្យមកកាន់ U-22 ឥណ្ឌូណេស៊ី ដើម្បីត្រៀមធ្វើដំណើរមកកម្ពុជា។
Ronaldo Kwateh គឺជាកីឡាករវ័យក្មេងជាងគេដែលធ្លាប់បានចូលរួមប្រកួតនៅស៊ីហ្គេមលើកទី 31 នៅវៀតណាម។ Ronaldo Kwateh ធ្លាប់ចូលប្រកួតនៅពានរង្វាន់ជើងឯកថ្នាក់ជាតិឥណ្ឌូណេស៊ីពេលមានអាយុទើបតែ 16 ឆ្នាំ។ បច្ចុប្បន្ន កីឡាកររូបនេះកំពុងទាត់ឱ្យក្លឹប Bodrumspor នៅប្រទេសតួកគី។
ទន្ទឹមនឹង Ronaldo Kwateh កីឡាករបីរូបផ្សេងទៀតដែលកំពុងទាត់ឱ្យក្លឹបបរទេស និងត្រូវបានកោះហៅ ក៏មិនទាន់មានការឆ្លើយតបនៅឡើយដែរ ព្រោះកំពុងបំពេញការងាររបស់ពួកគេ។ ក៏ប៉ុន្តែ យោងតាមសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បច្ចុប្បន្នមានកីឡាករបីនាក់ក្នុងចំណោម 7 នាក់នៅក្រុម U-20 ដែលត្រូវបានកោះហៅ បានមកដល់ប្រទេសកាលពីថ្ងៃទី 02 មេសា រួមមាន Hokky Caraka, Made Tito Wiratama និង Daffa Fasya៕