គណៈកម្មការរៀបចំការប្រកួតស៊ីហ្គេមលើកទី 32 (Cambodia SEA Games Organizing Committee) បានប្រកាសជាផ្លូវការនូវចំណាត់ថ្នាក់គ្រាប់ពូជរបស់វិញ្ញាសាបាល់ទាត់បុរស។
ក្រុម U-22 កម្ពុជា ដែលជាក្រុមម្ចាស់ផ្ទះរបស់ស៊ីហ្គេមលើកទី 32 បានបញ្ចូលខ្លួនទៅក្នុងក្រុមគ្រាប់ពូជទីមួយរបស់វិញ្ញាសាបាល់ទាត់បុរស។ ចំណែកម្ចាស់ជើងឯកស៊ីហ្គេមរដូវកាលកន្លង (វៀតណាម) ក៏ស្ថិតនៅក្នុងក្រុមគ្រាប់ពូជទីមួយ។
កម្ពុជាដែលបានបញ្ចូលខ្លួនទៅក្នុងក្រុមគ្រាប់ពូជទីមួយបានធ្វើឱ្យថៃត្រូវធ្លាក់ចុះទៅក្នុងក្រុមគ្រាប់ពូជទីពីរ ដែលមាន U-22 ឥណ្ឌូណេស៊ី។
ក្រុមគ្រាប់ពូជទីបីមានវត្តមានរបស់ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ចំណែកបួនក្រុមដែលនៅសល់គឺ សិង្ហបុរី ហ្វ៊ីលីពីន ឡាវ និងទីម័រខាងកើតត្រូវស្ថិតក្នុងក្រុមទីបួន។
ថ្ងៃទី 05 មេសានេះ ពិធីចាប់លេខចែកពូលវិញ្ញាសាបាល់ទាត់របស់ស៊ីហ្គេមលើកទី 32 នឹងត្រូវធ្វើឡើង។ នៅក្នុងវិញ្ញាសាបាល់ទាត់បុរស U-22 កម្ពុជាត្រូវបញ្ចូលខ្លួនទៅក្នុងពូល A ដែលមានឈ្មោះសម្គាល់ថា A1។ U-22 វៀតណាមនឹងស្ថិតនៅក្នុងពូល B ដែលមានឈ្មោះសម្គាល់ថា B1។ បន្ទាប់មកទៀតនឹងមានការចាប់លេខសម្រាប់ក្រុមជម្រើសជាតិដែលនៅសល់។
នៅស៊ីហ្គេមលើកនេះ វិញ្ញាសាបាល់ទាត់បុរសនឹងនៅសល់តែដប់ក្រុមគត់ ព្រោះតែការដកខ្លួនរបស់ប្រទេសព្រុយណេ។ ដប់ក្រុមនៅអាស៊ីអាគ្នេយ៍នេះនឹងត្រូវចែកស្មើគ្នាជាពីរពូល។ ពីរក្រុមដែលជាប់លេខមួយ និងលេខពីរនៅពូលនីមួយៗនឹងបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
តាមគម្រោង វិញ្ញាសាបាល់ទាត់បុរសនៅស៊ីហ្គេមលើកនេះនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី 29 មេសា 2023។ ក្រុមដែលនៅក្នុងពូល A នឹងបានទាត់នៅឯកីឡដ្ឋានមរតកតេជោក ខណៈដែលក្រុមនៅពូល B នឹងទាត់នៅឯកីឡដ្ឋានព្រីនស៍ (Prince Stadium)។ ដោយឡែក វិញ្ញាសាបាល់ទាត់នារីនឹងប្រកួតចាប់ពីថ្ងៃទី 02 ដល់ទី 15 ឧសភា 2023 នៅឯកីឡដ្ឋាន RSN និងកីឡដ្ឋាន RCAF (ស្ដាតចាស់)៕