Space Pioneer បានក្លាយជាក្រុមហ៊ុនឯកជនដំបូងគេរបស់ប្រទេសចិន ដែលបានបាញ់បង្ហោះផ្កាយរណបដោយជោគជ័យ ដោយប្រើប្រាស់រ៉ុក្កែតដំណើរការដោយឥន្ធនៈរាវ។
រ៉ុក្កែតដែលត្រូវបានក្រុមហ៊ុនចិន Space Pioneer ហៅថា Tianlong 2 (Sky Dragon 2) នេះ ហោះឡើងពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan (Jiuquan Satellite Launch Center) នៅភាគពាយព្យប្រទេសចិនកាលពីម៉ោង 16 និង 48 នាទី ថ្ងៃទី 02 មេសា។ មិនយូរប៉ុន្មានក្រោយការបាញ់បង្ហោះ រ៉ុក្កែតនេះក៏បានដាក់ពង្រាយផ្កាយរណបវាស់វែងពីចម្ងាយទៅក្នុងគន្លងគោចរដែលមានចម្ងាយប្រហែល 500 គីឡូម៉ែត្រពីផែនដីដោយជោគជ័យ។
ការបាញ់បង្ហោះនេះគឺជាលើកទីមួយហើយ ដែលរ៉ុក្កែតប្រើប្រាស់ឥន្ធនៈរាវអភិវឌ្ឍដោយក្រុមហ៊ុនឯកជនរបស់ចិន បានទៅដល់គន្លងតារាវិថីដោយជោគជ័យ។ Space Pioneer ក៏បានក្លាយជាក្រុមហ៊ុនដំបូងគេលើពិភពលោកដែលសម្រេចបានជោគជ័យនេះនៅក្នុងការប្រឹងប្រែងដំបូង។ នៅមុន Tianlong 2 រាល់រ៉ុក្កែតប្រើប្រាស់ឥន្ធនៈរាវដែលអភិវឌ្ឍដោយបណ្ដាក្រុមហ៊ុនឯកជនដទៃដូចជា SpaceX, Virgin Orbit និង LandSpace ជាដើម សុទ្ធតែបរាជ័យក្នុងការសាកល្បងបាញ់បង្ហោះលើកដំបូង។
Tianlong 2 គឺជារ៉ុក្កែតប្រើឥន្ធនៈរាវដែលមានបីជាន់ កម្ពស់ 32.8 ម៉ែត្រ ទទឹង 3.35 ម៉ែត្រ និងមានទម្ងន់ដែលអាចហោះឡើង 153 តោន។ វាអាចនាំយកទំនិញទម្ងន់ 2,000 គីឡូក្រាមឡើងទៅកាន់គន្លងគោចរកម្រិតទាបរបស់ផែនដី។ យោងតាម Space Pioneer រ៉ុក្កែតនេះប្រើប្រាស់ប្រេងកាតដែលមានប្រភពពីធ្យូងថ្ម៕