ក្រុមហ៊ុន Norled កាលពីថ្ងៃទី 31 មីនា ប្រកាសថា អាជ្ញាធរគ្រប់គ្រងដែនសមុទ្រន័រវែសផ្ដល់អាជ្ញាប័ណ្ណឱ្យ MF Hydra ដែលជាស្រឡាងដំណើរការដោយថាមពលអ៊ីដ្រូសែនរាវដំបូងគេបង្អស់លើពិភពលោក។
ក្រុមហ៊ុនន័រវែស Norled បានសាកល្បងដំណើរការប្រព័ន្ធនៅលើស្រឡាង MF Hydra ចាប់តាំងពីដើមឆ្នាំនេះ។ MF Hydra នឹងធ្វើសកម្មភាពនៅក្នុងប្រទេសន័រវែស នៅលើតំបន់សមុទ្ររវាង Hjelmeland, Skipavik និង Nesvik។ ស្រឡាងដែលមានបណ្ដោយ 82.4 ម៉ែត្រ និងត្រូវបានដាក់បណ្ដែតទឹកកាលពីឆ្នាំ 2021 អាចដឹកអ្នកដំណើរបាន 300 នាក់ និងយានជំនិះបាន 80 គ្រឿង។ វាអាចធ្វើដំណើរក្នុងល្បឿន 16.7 គីឡូម៉ែត្រ/ម៉ោង ដោយប្រើប្រាស់ថ្មផ្ទុកឥន្ធនៈពីរដុំកម្លាំង 200 kW រួមនឹងម៉ាស៊ីនផលិតអគ្គិសនី 440 kW និងម៉ាស៊ីនរុញច្រាន Shottel ពីរគ្រឿង។
ស្រឡាងនេះអាចផ្ទុកអ៊ីដ្រូសែនបាន 80 ម៉ែត្រគុប ជួយឱ្យវាកាត់បន្ថយការបំភាយកាបូនប្រចាំឆ្នាំឡើងដល់ 95%។ ស្រឡាងខាងលើនេះគឺជាសមិទ្ធផលកើតឡើងពីកិច្ចសហការរវាង Norled និងដៃគូបរទេស។ បណ្ដាប្រព័ន្ធអ៊ីដ្រូសែននៅលើស្រឡាងនេះត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនអាល្លឺម៉ង់ Linde Engineering។ ចំណែកក្រុមហ៊ុនដាណឺម៉ាក Ballard វិញ គឺជាអ្នកផលិតថ្មផ្ទុកអ៊ីដ្រូសែនដើម្បីបង្កើតជាថាមពល។ ដោយឡែក ដំណើរការដំឡើងឧបករណ៍នានា ក៏ដូចជាការបង្ហើយកិច្ចការចុងក្រោយរបស់ស្រឡាងនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន SEAM និង Westcon របស់ន័រវែស។
បច្ចុប្បន្នមានតែ Norled និងវិស័យឧស្សាហកម្មអវកាសប៉ុណ្ណោះដែលប្រើប្រាស់អ៊ីដ្រូសែនរាវធ្វើជាឥន្ធនៈ។ ដូច្នេះ រឿងដែល MF Hydra ត្រូវបានដាក់ឱ្យដំណើរការគឺជាជំហានសំខាន់មួយសម្រាប់វិស័យដឹកជញ្ជូនផ្លូវសមុទ្រ។