បរាជ័យនៅចំពោះមុខក្រុមម្ចាស់ផ្ទះម៉ាឡេស៊ីក្នុងការប្រកួតដំបូងនៅពានរង្វាន់បាល់ទះ Tri Nation Cup 2023 គឺជារឿងដ៏គួរឱ្យសោកស្ដាយសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ប៉ុន្តែការសោកស្ដាយជាងនេះគឺការចាញ់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។
ដើម្បីត្រៀមខ្លួនឱ្យបានល្អសម្រាប់ចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី 32 (ស៊ីហ្គេម 32 ឬ 32nd SEA Games ឬ 32nd Southeast Asian Games) ដែលនឹងធ្វើឡើងក្នុងខែឧសភា 2023 នៅកម្ពុជា ភាគីខាងម៉ាឡេស៊ីបានប្រារព្ធព្រឹត្តិការណ៍ប្រកួតបាត់ទះមិត្តភាពអន្តរជាតិដែលមានឈ្មោះថា Malaysia Tri Nation Invitational Friendly 2023។
ក្រោយការប្រកួតបានបួនថ្ងៃ ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ីក្រុម A បានលើកពានជើងឯក ខណៈក្រុមកម្ពុជាជាប់លេខពីរ បន្ទាប់មកគឺក្រុមសិង្ហបុរី និងម៉ាឡេស៊ីក្រុម B។
ក្រុមបាល់ទះកម្ពុជាចាញ់ក្រុមម៉ាឡេស៊ី (ដែលជាក្រុមឈរបាតតារាងចំណាត់ថ្នាក់នៅស៊ីហ្គេម 31) នៅក្នុងវគ្គសន្សំពិន្ទុ និងវគ្គផ្ដាច់ព្រ័ត្រ។
ក៏ប៉ុន្តែ ក្រុមកម្ពុជាខាងលើគ្រាន់តែជាក្រុមដែលគ្រូបង្វឹកជនជាតិចិន Jun Li និងជំនួយការរបស់លោកមកពីគុយបា យកមកធ្វើការសាកល្បងកម្លាំងប៉ុណ្ណោះ។ ចំណែកសមាសភាពរបស់ក្រុមផ្លូវការនៅតែត្រូវបានរក្សាការណ៍សម្ងាត់ដើម្បីត្រៀមសម្រាប់ស៊ីហ្គេម 32។
នៅស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាដាក់គោលដៅខ្ពស់បំផុតគឺមេដាយមាសប្រវត្តិសាស្ត្រ។ កម្ពុជាធ្លាប់ដណ្ដើមបានមេដាយមាសកាលពីឆ្នាំ 1965 មុនពេលឈ្មោះស៊ីហ្គេមបង្ហាញវត្តមានចាប់ពីឆ្នាំ 1977។ ក្នុងព្រឹត្តិការណ៍កីឡានៅអាស៊ីអាគ្នេយ៍កាលណោះដែលត្រូវបានហៅថា ព្រឹត្តិការណ៍កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (Southeast Asian Peninsular – SEAP Games) ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានឈ្នះក្រុមថៃ 3-0 នៅវគ្គផ្ដាច់ព្រ័ត្រ៕