អតីតប្រធានគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម 23 ឆ្នាំរបស់ប្រទេសថៃ (U-23 ថៃ) វាយតម្លៃខ្ពស់ទៅលើឱកាសដណ្ដើមមេដាយមាសរបស់ U-22 ថៃ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32 (SEA Games 32) ដែលនឹងធ្វើឡើងនៅកម្ពុជានាពេលខាងមុខ។
ទំព័រ Siam Sport របស់ថៃ បានរាយការណ៍ថា លោក Worawut Srimakha អតីតប្រធានគ្រូបង្វឹករបស់ក្រុម U-23 ថៃ ថ្មីៗនេះបានធ្វើការអះអាងដ៏គួរឱ្យចាប់អារម្មណ៍ស្ដីពីឱកាសក្នុងការដណ្ដើមមេដាយមាសនៅ SEA Games 32។
Siam Sport ឱ្យដឹងថា លោក Srimakha វាយតម្លៃខ្ពស់ទៅលើជំនាន់កីឡាករបច្ចុប្បន្នរបស់ថៃ រួមនឹងក្រុមគ្រូបង្វឹក ក្រោយពីការប្រកួតរបស់ «ក្រុមដំរីចម្បាំង» នៅ Doha Cup 2023។
«ខ្ញុំមានតែឱកាសតាមដានការប្រកួតពីរលើករបស់ U-23 ថៃ។ ទទួលស្គាល់ថា ខ្ញុំមានអារម្មណ៍ល្អចំពោះក្រុម U-23 ថៃបច្ចុប្បន្ន ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Sritaro ជាអ្នកដែលទើបតែបានដឹកនាំក្រុមដណ្ដើមបានចំណាត់ថ្នាក់លេខបួននៅ Doha Cup 2023» លោក Srimakha បានប្រាប់ Siam Sports ដូច្នេះ។
ក្រុម U-23 ថៃ ប៉ះនឹងក្រុមកាតា នៅ Doha Cup 2023
លោក Srimakha បន្តថា «…ខ្ញុំជឿថា នៅ SEA Games 32 ក្រុម U-22 ថៃ នឹងមិនជួបការលំបាកឡើយ ក្នុងការដណ្ដើមមេដាយមាស»។
លោក Srimakha គឺជាអតីតគ្រូបង្វឹកបាល់ទាត់ដ៏ឆ្នើមរបស់ប្រទេសថៃ និងធ្លាប់បានដឹកនាំ U-23 ថៃ ដណ្ដើមបានតំណែងជើងឯកនៅ SEA Games លើកទី 29 ដែលបានធ្វើឡើងនៅម៉ាឡេស៊ីកាលពីឆ្នាំ 2017៕
យោងតាមម្ចាស់ផ្ទះកម្ពុជា ការចាប់លេខចែកពូលវិញ្ញាសាបាល់ទាត់នៅ SEA Games ទី 32 នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី 05 មេសា ក្នុងនោះបាល់ទាត់បុរសនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី 29 មេសា ឆ្នាំ 2023៕