ទំព័រសារព័ត៌មាន Thairath យល់ថា ម្ចាស់ផ្ទះកម្ពុជាកំពុងតែប្រើល្បិចនៅក្នុងការចាប់លេខសម្រាប់វិញ្ញាសាបាល់ទាត់បុរសដែលចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ 2023 (2023 Southeast Asian Games – 32nd SEA Games – SEA Games លើកទី 32)។
ព្រឹកថ្ងៃទី 30 មីនានេះ ព័ត៌មានស្ដីពីពិធីចាប់លេខចែកពូលសម្រាប់វិញ្ញាសាបាល់ទាត់បុរស និងនារីរបស់ SEA Games លើកទី 32 ត្រូវបានប្រកាសជាផ្លូវការ។ ពិធីនេះនឹងចាប់ផ្ដើមនៅថ្ងៃទី 05 មេសាខាងមុខ នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ។ បាល់ទាត់បុរសនឹងជាវិញ្ញាសាដែលចាប់ផ្ដើមមុនគេបង្អស់ ពោលគឺនៅថ្ងៃទី 29 មេសា ដល់ 16 ឧសភា 2023។
ទំព័រសារព័ត៌មាន Thairath របស់ថៃ យល់ថា ម្ចាស់ផ្ទះកម្ពុជាកំពុងប្រើប្រាស់ល្បិចកល នៅពេលមិនប្រកាសជាផ្លូវការនូវរូបមន្តចាប់លេខចែកពូលរបស់វិញ្ញាសាបាល់ទាត់បុរស។ Thairath ក៏បានសរសេរថា ទំនងជា U-22 ថៃ នឹងត្រូវទម្លាក់ចុះមកក្នុងក្រុមគ្រាប់ពូជទីពីរនៃវិញ្ញាសាបាល់ទាត់បុរសនៅ SEA Games លើកទី 32។
បច្ចុប្បន្នមានព័ត៌មានមួយចំនួននិយាយថា U-20 វៀតណាមក្នុងនាមជាក្រុមជើងឯក នឹងត្រូវបានដាក់ទៅក្នុងក្រុមគ្រាប់ពូជទីមួយដែលមាន U-20 កម្ពុជា។ ពេលនោះ U-22 ថៃនឹងត្រូវរុញចុះមកក្នុងក្រុមគ្រាប់ពូជទីពីរ បើទោះបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៅ SEA Games លើកទី 31 ដែលបានធ្វើឡើងនៅវៀតណាម។
សារព័ត៌មានថៃយល់ថា U-22 ថៃ អាចនឹងប៉ះក្រុមជើងឯកវៀតណាមភ្លាមៗក្នុងវគ្គសន្សំពិន្ទុរបស់ SEA Games លើកទី 32។ លើកចុងក្រោយបំផុតដែលក្រុមថៃ និងវៀតណាមបានប៉ះគ្នាក្នុងវគ្គសន្សំពិន្ទុ គឺនៅ SEA Games លើកទី 30 ធ្វើឡើងនៅហ្វ៊ីលីពីន ដែលកាលណោះ ក្រុមជម្រើសជាតិថៃត្រូវហាលអាវតាំងពីវគ្គសន្សំពិន្ទុ បន្ទាប់ពីការប្រកួតដែលមានលទ្ធផល 2-2។
នៅ SEA Games លើកទី 31 ក្រុមជម្រើសជាតិ U-22 ថៃ និងវៀតណាម សុទ្ធតែត្រូវបានដាក់ចូលក្នុងក្រុមគ្រាប់ពូជទីមួយ។ ពួកគេក្រោយមកក៏បានប្រកួតយ៉ាងល្អ រហូតដល់បានជួបគ្នានៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ជាទីដែលក្រុមវៀតណាមដណ្ដើមបានមេដាយមាស។
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម 22 ឆ្នាំរបស់កម្ពុជា ត្រូវបានដាក់ចូលក្នុងក្រុមគ្រាប់ពូជទីមួយ។ ចំណែកអាយុវិញ ម្ចាស់ផ្ទះកម្ពុជាក៏បានកាត់បន្ថយឱ្យមកនៅត្រឹម U-22 និងកំណត់មិនឱ្យមានកីឡាករលើសអាយុ។ មុននោះ ការកំណត់អាយុកីឡាករបាល់ទាត់នៅ SEA Games លើកទី 31 គឺ U-23+3៕