ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នឹងនាំយកបណ្ដាញអ៊ីនធើណិត 4G ឡើងទៅកាន់ឋានព្រះចន្ទតាមរយៈរ៉ុក្កែត SpaceX នៅចុងឆ្នាំ 2023 ក្នុងទិសដៅផ្គត់ផ្គង់សម្រាប់តម្រូវការទំនាក់ទំនងរបស់មនុស្សក្នុងទីអវកាស។
Luis Maestro Ruiz De Temino ប្រធានវិស្វកររបស់ Nokia បានឱ្យដឹងថា ក្រុមហ៊ុននេះនឹងចាប់ផ្ដើមរៀបគម្រោងនាំយកប្រព័ន្ធអ៊ីនធើណិត 4G ឡើងទៅដាក់លើឋានព្រះចន្ទក្នុងអំឡុងប៉ុន្មានខែខាងមុខ។ ផែនការនេះគ្រោងនឹងសម្រេចបាននៅចុងឆ្នាំ 2023។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន CNBC។
ប្រព័ន្ធអ៊ីនធើណិត 4G របស់ Nokia នឹងត្រូវបានផ្គត់ផ្គង់ដោយស្ថានីយមួយដែលមានអង់តែន។ ស្ថានីយនេះនឹងត្រូវបានដំឡើងក្នុងយានចុះចតលើព្រះចន្ទ Nova-C ដែលរចនាដោយក្រុមហ៊ុនអវកាសអាម៉េរិក Intuitive Machines។ យានបើកបរស្វ័យប្រវត្តលើដីព្រះចន្ទមួយគ្រឿងដែលដំណើរការដោយថាមពលព្រះអាទិត្យក៏នឹងត្រូវបានដាក់ឱ្យដំណើរការ។
យោងតាម Nokia ការតភ្ជាប់ប្រព័ន្ធ LTE នឹងត្រូវបានបង្កើតឡើងរវាងយានអវកាស និងយានចុះចត។ យានចុះចតនឹងត្រូវបានបញ្ចេញពីរ៉ុក្កែត SpaceX ហើយចុះចតលើមាត់ភ្នំភ្លើង Shackleton នៅភាគខាងត្បូងឋានព្រះចន្ទ។
ក្រុមហ៊ុន Nokia ឱ្យដឹងថា ប្រព័ន្ធអ៊ីនធើណិតនេះនឹងត្រូវបានប្រើប្រាស់ក្នុងបេសកកម្មឡើងទៅកាន់ឋានព្រះចន្ទ Artemis 1 របស់ណាសា។ ប្រព័ន្ធអ៊ីនធើណិតនេះមិនត្រឹមតែអនុញ្ញាតឱ្យអ្នកអវកាសទាក់ទងគ្នាបាននោះទេ តែក៏នឹងជួយគាំទ្រដល់ភារកិច្ចមួយចំនួនមានដូចជា ការបញ្ជាយានស្វ័យប្រវត្តពីចម្ងាយ ការបញ្ជូនវីដេអូផ្សាយផ្ទាល់ និងការផ្ញើទិន្នន័យពីព្រះចន្ទមកកាន់ផែនដីភ្លាមៗផងដែរ។
មួយក្នុងចំណោមការរំពឹងធំជាងគេរបស់ Nokia នៅក្នុងបេសកកម្មបង្កើតប្រព័ន្ធអ៊ីនធើណិតលើឋានព្រះចន្ទ គឺការស្វែងរកទឹកកកនៅលើផ្ទៃរបស់ពិភពរណបមួយនេះ៕