នៅឯពានរង្វាន់ក្បាច់គុន Vovinam អាស៊ីអាគ្នេយ៍ 2023 ម្ចាស់ផ្ទះកម្ពុជាដណ្ដើមបានមេដាយចំនួន 28 គ្រឿង ក្នុងនោះមានមេដាយមាសចំនួន 10 គ្រឿង ហើយឈរលំដាប់លើគេបង្អស់។
នៅមុនព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី 32 (2023 Southeast Asian Games ឬ SEA Games 32) ពានរង្វាន់មិត្តភាពអន្តរជាតិ និងពានរង្វាន់ផ្លូវការជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ត្រូវបានបើកការប្រកួតក្នុងបំណងបង្កើន និងវាយតម្លៃឡើងវិញនូវគុណភាព សមត្ថភាពរបស់កីឡាករ អត្តពលិក ក៏ដូចជាស្ទាបស្ទង់សមត្ថភាពរបស់គូប្រកួតជាដើម ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនៅ SEA Games 32 ដែលនឹងធ្វើឡើងនៅខែឧសភា 2023 លើទឹកដីកម្ពុជា។
ថ្មីៗនេះ ពានរង្វាន់លំដាប់តំបន់ «Vovinam» ដែលជា «ក្បាច់គុនជាតិ» របស់ប្រទេសវៀតណាមក៏ទើបតែបានបញ្ចប់នៅក្នុងរាជធានីភ្នំពេញ។ យោងតាមប្រកាសរបស់គណៈកម្មការ ម្ចាស់ផ្ទះកម្ពុជាជាប់ចំណាត់ថ្នាក់លេខមួយ ដោយដណ្ដើមបានមេដាយសរុប 28 គ្រឿង ក្នុងនោះមានមេដាយមាសចំនួន 10 គ្រឿង, មេដាយប្រាក់ចំនួន 9 គ្រឿង និងមេដាយសំរឹទ្ធចំនួន 9 គ្រឿង។
ចំណែកវៀតណាម បើទោះជាម្ចាស់ និងឈរលំដាប់លេខមួយក្នុងវិញ្ញាសាក្បាច់គុន Vovinam នៅ SEA Games 31 ត្រូវឈរលំដាប់ទីពីរក្នុងការប្រកួតនេះ។ ក៏ប៉ុន្តែ នេះគ្រាន់តែជាការប្រកួតមុន SEA Games 32 ដូច្នេះមិនទាន់អាចវាយតម្លៃជាផ្លូវការ។ ក្រុមរបស់វៀតណាម រកបានមេដាយសរុប 19 គ្រឿង ក្នុងនោះមានមេដាយមាស 8 គ្រឿង, មេដាយប្រាក់ 11 គ្រឿង នៅក្នុងការប្រកួតរយៈពេលបីថ្ងៃ។
ចំណាត់ថ្នាក់បន្ទាប់គឺ មីយ៉ាន់ម៉ា ដោយដណ្ដើមបានមេដាយមាស 5 គ្រឿង ប្រាក់ 4 គ្រឿង និងសំរឹទ្ធ 21 គ្រឿង, ថៃរកបានមេដាយមាស 3 គ្រឿង ប្រាក់ 5 គ្រឿង និងសំរឹទ្ធ 4 គ្រឿង ខណៈឥណ្ឌូណេស៊ីដណ្ដើមបានមេដាយមាស 3 គ្រឿង និងសំរឹទ្ធ 15 គ្រឿង។
នៅ SEA Games 32 ដែលនឹងធ្វើឡើងនៅខែឧសភាខាងមុខ វិញ្ញាសា Vovinam ក៏នឹងមានមេដាយសរុបចំនួន 30 ឈុត ជាមួយនឹងវិញ្ញាសាចំនួនពីរគឺ ការសម្ដែង និងការប្រកួត៕