ក្រុមហ៊ុន Vow ផលិតសាច់ដំរីមេមម៉តដែលបានផុតពូជតាំងពីយូរ ដើម្បីបញ្ជាក់អំពីសក្ដានុពលរបស់សាច់ដែលបណ្ដុះពីកោសិកា។
Vow សហការជាមួយសាស្ត្រាចារ្យ Ernst Wolvetang មកពីវិទ្យាស្ថានបច្ចេកទេសជីវសាស្ត្រអូស្ត្រាលី នៃសាកលវិទ្យាល័យ Queensland ដើម្បីបង្កើតប្រូតេអ៊ីនសាច់ដុំដំរីមេមម៉ត (Mammoth)។ ក្រុមស្រាវជ្រាវបានរៀបលំដាប់ DNA សម្រាប់ប្រូតេអ៊ីន myoglobin របស់ដំរីមេមម៉ត ដែលជាប្រូតេអ៊ីនសាច់ដុំសំខាន់ជាងគេបង្អស់ផ្ដល់រសជាតិជាសាច់ និងប្រើប្រាស់ DNA ដើម្បីបន្ថែមទៅកន្លែងដែលមិនពេញលេញ។ លំដាប់ DNA នេះ ក្រោយមកត្រូវបានបញ្ចូលទៅក្នុងកោសិកាដើម fibroblast ដែលយកពីសត្វចៀម ហើយបណ្ដុះឱ្យបានច្រើនជាងមុន 20 ពាន់លានកោសិកាដែលក្រុមហ៊ុនប្រើប្រាស់ក្នុងការបណ្ដុះសាច់ដំរីមេមម៉ត។
យោងតាមលោក Wolvetang វិធីសាស្ត្រនេះផ្ដល់លទ្ធផលយ៉ាងឆាប់រហ័ស និងងាយស្រួល ដោយចំណាយពេលតែពីរសប្ដាហ៍ប៉ុណ្ណោះ។ លោកបន្តថា គ្រប់គ្នានឹងរារែកក្នុងការបរិភោគសាច់ដំរីមេមម៉ត ព្រោះតែវាចម្លែក និងនៅថ្មីថ្មោង។ ក៏ប៉ុន្តែ បើគិតអំពីបរិស្ថាន និងមនុស្សធម៌ លោក Wolvetang យល់ថា សាច់បណ្ដុះក្នុងបន្ទប់ពិសោធន៍ពិតជាមានន័យ។
គម្រោងខាងលើនេះត្រូវបានធ្វើឡើងក្នុងបំណងបញ្ជាក់អំពីសក្ដានុពលរបស់សាច់បណ្ដុះពីកោសិកាដោយមិនចាំបាច់សម្លាប់សត្វ ទន្ទឹមនឹងការបង្ហាញអំពីទំនាក់ទំនងរវាងការផុតពូជរបស់សត្វព្រៃ និងវិបត្តិអាកាសធាតុ។ ប្រហិតសាច់ដំរីមេមម៉តត្រូវបានបង្ហាញកាលពីថ្ងៃទី 28 មីនានៅ Nemo ដែលជាសារមន្ទីរវិទ្យាសាស្ត្ររបស់ប្រទេសហូឡង់៕