ពិធីដង្ហែភ្លើងគប់ស៊ីហ្កេម 32 (SEA Games 32) ត្រូវបានសម្ពោធបើកជាផ្លូវការដោយចាប់ផ្ដើមដង្ហែចេញពីរដ្ឋធានីហាណូយប្រទេសវៀតណាម។
ព្រឹកថ្ងៃទី 24 មីនា ពិធីដង្ហែភ្លើងគប់ SEA Games 32 ត្រូវបានប្រារព្ធឡើងនៅឯស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម។ នេះគឺជាព្រឹត្តិការណ៍ចាប់ផ្ដើមសម្រាប់ការធ្វើដំណើរឆ្លងកាត់ 11 ប្រទេសនៅអាស៊ីអាគ្នេយ៍របស់ភ្លើងគប់ SEA Games 32 មុននឹងត្រលប់ចូលមកកាន់ទឹកដីកម្ពុជា។
នៅក្នុងព្រឹត្តិការណ៍នេះក៏មានវត្តមានរបស់លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម រួមនឹងឯកអគ្គរដ្ឋទូត មន្ត្រីការទូតនៃបណ្ដាប្រទេសអាស៊ាន ក៏ដូចជាក្រុមមន្ត្រីវៀតណាម កីឡាករ និងនិស្សិតប្រមាណ 300 នាក់។
លោកជំទាវ ជា គឹមថា គឺជាអ្នកប្រកាសកម្មវិធីសម្ពោធបើកព្រឹត្តិការណ៍ដង្ហែភ្លើងគប់។ ភ្លើងគប់ផ្លូវការរបស់ SEA Games 32 ត្រូវបានអត្តពលិកវៀតណាម ប្រតិភូតំណាងនានា កីឡាករ និងនិស្សិតរាប់រយនាក់ ដង្ហែពីស្ថានទូតកម្ពុជា ទៅកាន់ ហូ ហ្វាង គាម និងត្រលប់មកកាន់កន្លែងដើម។
ដល់ថ្ងៃទី 25 មីនា ភ្លើងគប់ SEA Games 32 នឹងចាកចេញពីវៀតណាម ដើម្បីធ្វើដំណើរឆ្លងកាត់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់រួមមាន ហ្វ៊ីលីពីន ព្រុយណេ ឥណ្ឌូណេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងឡាវ។
ពីប្រទេសឡាវ ភ្លើងគប់ SEA Games 32 នឹងត្រលប់មកកាន់កម្ពុជានៅថ្ងៃទី 27 មេសា 2023។ នៅទីនេះ ភ្លើងគប់នឹងត្រូវបានដង្ហែកាត់តាមទីតាំងមួយចំនួនរហូតដល់ថ្ងៃសម្ពោធបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្កេម 32 នៅថ្ងៃទី 05 ឧសភា 2023 នៅឯកីឡដ្ឋានជាតិមរតកតេជោ៕