Hatsune Miku ដែលជាតារាចម្រៀងនិម្មិតលំដាប់កំពូលរបស់ពិភពលោក ធ្លាប់បើកឆាកប្រគំតន្ត្រីរបស់ Lady Gaga និងធ្វើជាតារាម៉ូដែលឱ្យ Louis Vuitton រកប្រាក់ចំណូលបានជាង 35 លានដុល្លារអាម៉េរិកជារៀងរាល់ឆ្នាំ។
ទំព័របណ្ដាញសង្គមរបស់ Hatsune Miku កាលពីថ្ងៃទី 17 មីនា 2023 បានប្រកាសថា នាងនឹងប្រារព្ធកម្មវិធីប្រគំតន្ត្រីតាមអនឡាញនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ ក្នុងនោះក៏នឹងមានបទ Imaginary Love Story រួមនឹងផលិតករចម្រៀងជនជាតិអាម៉េរិក Synthion។
ទំព័រ Asagei អះអាងថា ក្នុងរយៈពេល 16 ឆ្នាំក្រោយការបង្ហាញខ្លួន Hatsune Miku «នៅតែជាក្មេងស្រីជំទង់ដដែល» និងនៅមានភាពទាក់ទាញដូចថ្ងៃដំបូង។ មិនមែនជាតារាចម្រៀងនិម្មិតដំបូងគេ ប៉ុន្តែ Miku គឺជាឈ្មោះដែលលេចធ្លោជាងគេ។ នាងគឺជាផលិតផលបច្ចេកវិទ្យារបស់ Crypton Future Media ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2007។ Hatsune Miku ត្រូវបានប្រឌិតឡើងជាក្មេងស្រីជំទង់អាយុ 16 ឆ្នាំ មានកម្ពស់ 1.58 ម៉ែត្រ និងទម្ងន់ 42 គីឡូក្រាម ព្រមទាំងមានភ្នែកមូលៗ និងមានសក់ពណ៌ខៀវខ្ចីវែងអន្លាយ។ សំឡេងច្រៀងរបស់នាងត្រូវបានក្រុមហ៊ុនអភិវឌ្ឍឡើយដោយយោងទៅតាមសំឡេងរបស់តារាចម្រៀង Saki Fujita រួមផ្សំជាមួយនឹងកម្មវិធីសំឡេង Vocaldoid។
Hatsune Miku ទទួលបានការសាទរយ៉ាងខ្លាំង និងមានវត្តមាននៅក្នុងបណ្ដាភាពយន្តជីវចល និងជួយឱ្យក្រុមហ៊ុនផលិតរបស់លេងនានារកប្រាក់ចំណូលបានច្រើនជាងមុន។ យោងតាម Itmedia គិតត្រឹមថ្ងៃទី 12 កញ្ញា 2007 Miku រកចំណូលបាន 57.5 លានយេន (439,784 ដុល្លារអាម៉េរិក) និងបានក្លាយជាតារាចម្រៀងនិម្មិតដែលមានតម្លៃខ្លួនខ្ពស់ជាងគេលើលោកនាសម័យនោះ។ ចាប់ពីខែសីហា 2008 ដល់ខែមីនា 2012 Hatsune Miku រកបានជាង 10 ពាន់លាន (10,000,000,000) យេន (120 លានដុល្លារអាម៉េរិក ឆ្នាំ 2012) នេះបើតាមវិទ្យាស្ថានស្រាវជ្រាវ Nomura។
មកដល់បច្ចុប្បន្ន តារាចម្រៀងនិម្មិត Hatsune Miku មានចម្រៀងជាង 100,000 បទនៅក្នុងដៃ ក្នុងនោះមានតាំងពីចង្វាក់ ប៉ប់ និង EDM។ល។ Hatsune Miku ធ្វើសកម្មភាពជាច្រើនក្នុងវិស័យសិល្បៈ រួមមាន ច្រៀងលើឆាកតន្ត្រីអនឡាញ ច្រៀងលើឆាកផ្ទាល់ លក់ថាសចម្រៀង និងធ្វើជាតំណាងផលិតផលជាដើម។ នាងក៏ចូលរួមក្នុងវិស័យបង្ហាញម៉ូដសម្លៀកបំពាក់ផងដែរ។
យោងតាម Paper នាង Hatsune Miku មានអ្នកគាំទ្ររាប់សិបលាននាក់នៅទូទាំងពិភពលោក និងរកចំណូលបានប្រហែល 35.35 លានដុល្លារជារៀងរាល់ឆ្នាំ ស្មើនឹងប្រាក់ចំណូលរបស់កំពូលតារាចម្រៀងមួយចំនួននៅប្រទេសចិន៕