ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Neta Automobile កំពុងនាំចេញរថយន្តអគ្គិសនីរាប់ពាន់គ្រឿងទៅកាន់ទីផ្សារថៃ នៅក្នុងការប្រឹងប្រែងវាយលុកតំបន់អាស៊ីអាគ្នេយ៍។
នៅថ្ងៃទី 21 មីនា រថយន្តអគ្គិសនី Neta V ចំនួន 3,600 គ្រឿង ត្រូវបានដឹកជញ្ជូនពីកំពង់ផែ Nansha របស់ប្រទេសចិន ទៅកាន់ប្រទេសថៃ។ នេះគឺជាទំនិញនាំចេញធំបំផុតសម្រាប់ក្រុមហ៊ុនផលិតរថយន្តមួយដែលបានបង្កើតឡើងនៅប្រទេសចិន។
ក្រុមហ៊ុន Neta ឱ្យដឹងថា រថយន្ត Neta V ជាង 2,000 គ្រឿងត្រូវបានលក់នៅប្រទេសថៃ និងឈរលំដាប់ទីពីរក្នុងចំណោមម៉ូដែលរថយន្តអគ្គិសនីដែលបានចុះឈ្មោះផ្លាកលេខក្នុងពីរខែជាប់ៗគ្នានៅប្រទេសនេះ។
Neta បានបង្ហាញរថយន្តអគ្គិសនី Neta V ចង្កូតស្ដាំនៅប្រទេសថៃ កាលពីថ្ងៃទី 24 សីហា 2022 ហើយនេះគឺជាម៉ូដែលដំបូងរបស់ពួកគេដែលត្រូវបានដាក់លក់ក្នុងទីផ្សារឡានចង្កូតស្ដាំមួយនេះ។
ក្រុមហ៊ុននេះបានឱ្យដឹងថា ពួកគេមានហាងលក់រថយន្តដែលទទួលបានសិទ្ធិចែកចាយចំនួន 30 នៅទូទាំងប្រទេសថៃ គិតត្រឹមចុងឆ្នាំ 2022។ រថយន្តអគ្គិសនីរបស់ Neta ពីរម៉ូដែលគឺ Neta U និង Neta V មានវត្តមានច្រើននៅអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងមជ្ឈិមបូព៌ា។ ក្រុមហ៊ុន Neta ក៏មានការិយាល័យតំណាងមួយនៅអឺរ៉ុបផងដែរ។
កាលពីថ្ងៃទី 10 មីនា Neta បានសម្ពោធបើកការដ្ឋានសាងសង់រោងចក្រមួយនៅប្រទេសថៃ ដើម្បីផលិតរថយន្តអគ្គិសនីសម្រាប់ការនាំចេញទៅកាន់បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។ តាមគម្រោង រោងចក្រនេះនឹងចាប់ផ្ដើមការផលិតនៅដើមឆ្នាំ 2024 ហើយគ្រោងនឹងផលិតបាន 20,000 គ្រឿងជារៀងរាល់ឆ្នាំ៕