ទស្សនាវដ្ដី Automobilwoche រាយការណ៍ថា ក្រុមហ៊ុន Mersedes-Benz នឹងវិនិយោគរាប់ពាន់លានដុល្លារអាម៉េរិកដើម្បីធ្វើទំនើបកម្មបណ្ដារោងចក្ររបស់ពួកគេនៅប្រទេសចិន អាល្លឺម៉ង់ និងហុងគ្រីនាពេលខាងមុខ ក្នុងបំណងត្រៀមខ្លួនដើម្បីផ្លាស់ប្ដូរទៅរករថយន្តអគ្គិសនី និងកាត់បន្ថយការបំភាយឧស្ម័ន។
សហភាពអឺរ៉ុបបានកំណត់គោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឱ្យបានពាក់កណ្ដាលសម្រាប់រថយន្តដឹកភ្ញៀវត្រឹមចុងទសវត្សរ៍នេះ និងកំពុងស្វែងរកកិច្ចព្រមព្រៀងស្ដីពីកាលបរិច្ឆេទចុងក្រោយគឺនៅឆ្នាំ 2035 ដើម្បីបញ្ចប់ការលក់រថយន្តដើរដោយឥន្ធនៈផូស៊ីល។
ក្រុមហ៊ុន Mercedes បានឱ្យដឹងថា ពួកគេនឹងលក់តែរថយន្តអគ្គិសនីចាប់ពីចុងទសវត្សរ៍នេះ នៅពេលលក្ខខណ្ឌទីផ្សារអនុញ្ញាត។ ប្រធានផ្នែកផលិត Joerg Burzer របស់ Mercedes បាននិយាយថា «យើងកំពុងវិនិយោគប្រាក់ឡើងដល់រាប់ពាន់លានដុល្លារសម្រាប់រោងចក្រនីមួយៗក្នុងពេលខាងមុខ»។ លោកបន្តថា ខ្ទង់ប្រាក់វិនិយោគនេះនឹងប្រើប្រាស់នៅក្នុងបណ្ដារោងចក្រនៅរដ្ឋធានីរបស់ប្រទេសចិន ទីក្រុង Rastatt របស់អាល្លឺម៉ង់ និង Kecskemet របស់ហុងគ្រី។
Automobilwoche ក៏បានរាយការណ៍ថា Mercedes ក៏កំពុងពិនិត្យលទ្ធភាពពង្រីករោងចក្រផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាម៉េរិក ជាទីដែលក្រុមហ៊ុននេះនឹងទទួលបានអត្ថប្រយោជន៍ច្រើនពីគោលនយោបាយឧបត្ថម្ភរបស់រដ្ឋាភិបាលទៅតាមច្បាប់កាត់បន្ថយអតិផរណាដែលបង្កើតឡើងកាលពីឆ្នាំមុន៕