Lionel Messi អាចបំបែកកំណត់ត្រាបច្ចុប្បន្នរបស់ខ្លួនមួយទៀត បើសិនទាត់បញ្ចូលទីបានមួយគ្រាប់នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ រវាងអាហ្សង់ទីន និងប៉ាណាម៉ានាពេលខាងមុខនៅក្នុងក្របខណ្ឌ FIFA Day។
នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិក្នុងក្របខណ្ឌ FIFA Day ដែលជិតមកដល់ ក្រុមជម្រើសជាតិអាហ្សង់ទីននឹងត្រូវប៉ះក្រុមប៉ាណាម៉ា ដែលខ្សោយជាងគ្រប់ផ្នែក ហើយនេះនឹងជាឧបសគ្គងាយស្រួលបំផុតចំពោះ Albiceleste (ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន)។ Messi ក៏បានត្រលប់ទៅកាន់អាហ្សង់ទីនរួចហើយដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនេះ។
មួយរយៈពេលខ្លីចុងក្រោយនេះ ស្ថានភាពរបស់ El Pulga នៅក្លឹប PSG កំពុងតែជួបបញ្ហាមួយចំនួន ក្នុងនោះមានតាំងពីកិច្ចព្រមព្រៀងរវាង M10 និង PSG រហូតដល់រឿងអ្នកគាំទ្របង្ហាញប្រតិកម្មមិនល្អចំពោះកំពូលតារាបាល់ទាត់រូបនេះ។
ក៏ប៉ុន្តែ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិនាពេលខាងមុខ កំណត់ត្រាថ្មីកំពុងតែរង់ចាំ Messi ហើយនេះគឺជាឱកាសល្អដើម្បីឱ្យ M10 ស្ដារស្ថានការណ៍ឡើងវិញ។ ជាក់ស្ដែង Messi មានវ័យ 35 ឆ្នាំ រកបាន 701 គ្រាប់ក្នុងក្របខណ្ឌថ្នាក់ក្លឹប និង 98 គ្រាប់នៅថ្នាក់ជម្រើសជាតិ។ ដូច្នេះ នៅខ្វះតែមួយគ្រាប់ទៀតប៉ុណ្ណោះ Messi នឹងមាន 800 គ្រាប់ក្នុងដៃ។
ប៉ាណាម៉ា បច្ចុប្បន្នត្រូវបានគេវាយតម្លៃយ៉ាងទាបស្ដីពីសមត្ថភាពគ្រប់ផ្នែក បើធៀបនឹងអាហ្សង់ទីន។ យ៉ាងនេះហើយទើបគ្រប់គ្នាអាចព្យាករបានថា គ្រាប់បាល់ទី 800 របស់ Messi នឹងមិនមានឧបសគ្គអ្វីមករារាំងបានឡើយ។
នៅពេលគ្រាប់បាល់បានកើនដល់ 800 គ្រាប់ Lionel Messi ត្រូវជាប់ចំណាត់ថ្នាក់លេខបីក្នុងបញ្ជីចំណាត់ថ្នាក់កីឡាករ 10 នាក់ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅក្នុងអាជីព។ បច្ចុប្បន្ន ក្នុងបញ្ជីចំណាត់ថ្នាក់នេះ កីឡាករដែលឈរនៅលើគេបង្អស់គឺកំពូលកីឡាកររបស់ព័រទុយហ្កាល់ Cristiano Ronaldo ដោយរកបាន 828 គ្រាប់ និងលេខពីរគឺ 805 គ្រាប់របស់អតីតកំពូលកីឡាកររបស់ប្រទេសអូទ្រីស Josef Bican ខណៈដែលលេខបីបានទៅលើ Lionel Messi ដោយរកបាន 799 គ្រាប់៕