ប្រទេសចិនមានផែនការធ្វើឱ្យផ្លូវគោកលែងមានការបំភាយឧស្ម័នកាបូន ដោយការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី។
រថយន្តឆ្លាតវៃដឹកទំនិញធុនធ្ងន់ដំណើរការដោយអគ្គិសនីដំបូងគេរបស់ប្រទេសចិន ដែលអភិវឌ្ឍដោយក្រុមហ៊ុនរថភ្លើង CRRC ត្រូវបានបើកបរចេញពីរោងចក្រនៅទីក្រុង Datong ខេត្ត Shanxi។ នេះបើតាមសារព័ត៌មានចិន Xinhua ចុះផ្សាយកាលពីថ្ងៃទី 16 មីនា 2023។
រថយន្តដឹកទំនិញឆ្លាតវៃនេះប្រើប្រាស់ថាមពលអគ្គិសនីពីថ្ម ឬដោយការភ្ជាប់ជាមួយនឹងបណ្ដាញអគ្គិសនីតាមរយៈខ្សែភ្លើងនៅពីលើ។ គុណសម្បត្តិធំបំផុតរបស់រថយន្តនេះគឺអាចបញ្ចូលថាមពលអគ្គិសនីក្នុងពេលធ្វើដំណើរ។ ជាងនេះ វាក៏អាចផលិតថាមពលអគ្គិសនីតាមរយៈការចាប់ហ្វ្រាំងក្នុងពេលបើកបរផងដែរ។
CRRC បានឱ្យដឹងថា រថយន្តអគ្គិសនីដឹកទំនិញធុនធ្ងន់ឆ្លាតវៃនេះអាចត្រូវបានប្រើប្រាស់ក្នុងការដឹកជញ្ជូនផ្លូវឆ្ងាយ ហើយក្នុងអនាគត វាក៏អាចនឹងមានមុខងារបើកបរស្វ័យប្រវត្តទៀតផង។
វីដេអូបង្ហាញអំពី «រថយន្តអគ្គិសនីឆ្លាតវៃដឹកទំនិញធុនធ្ងន់» របស់ចិន
ដើម្បីចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូន ដែលជាឧស្ម័នធ្វើឱ្យផែនដីឡើងកម្ដៅ ប្រទេចចិនកំពុងផ្ដោតលើការរកដំណោះស្រាយក្នុងវិស័យដឹកជញ្ជូនតាមផ្លូវគោក។
អង្គការថាមពលអន្តរជាតិ (IEA) ឱ្យដឹងថា ការដឹកជញ្ជូនបំភាយឧស្ម័ន 26% នៅទូទាំងសកលលោក និងពន្យាករថា អគ្គិសនីភាវូបនីយកម្មនឹងក្លាយជានិន្នាការអភិវឌ្ឍក្នុងពេលអនាគត ហើយថា ដល់ឆ្នាំ 2050 រថយន្តដឹកទំនិញធុនធ្ងន់ប្រមាណ 36% នឹងដំណើរការដោយអគ្គិសនី។
យោងតាមការពិសោធ រថយន្តដឹកទំនិញដើរដោយអគ្គិសនី សន្សំសំចៃថាមពលបានច្រើនជាងពីរដងធៀបនឹងរថយន្តប្រើម៉ាស៊ីនម៉ាស៊ូត៕