បាល់​ទាត់​នៅ Europa League ៖ 8 ក្រុម​​ចុង​ក្រោយ​ដែល​ឡើងដល់​វគ្គ ¼

ក្រោយ​ការ​ប៉ះគ្នា​ប្រកបដោយ​ភាព​ទាក់ទាញ​នៅក្នុង​ការប្រកួត​នានា​នៅ​ជើង​ទី​ពីរ​វគ្គ 1/8 ក្នុង​រដូវ​កាល​នេះ Europa League ក៏​កំណត់​បាន 8 ក្រុម​ចុង​ក្រោយ​​ដែល​នឹងត្រូវ​ប្រកួត​នៅ​វគ្គ ¼ ក្នុង​នោះ​ក៏​មាន​ Man United។

វេលា​ទៀបភ្លឺ​ថ្ងៃទី 17 មីនា (វេលា​នៅ​កម្ពុជា) ការប្រកួត​ចុងក្រោយ​នានា​ក្នុង​ក្របខណ្ឌ​ជើង​ទី​ពីរ​នៅ Europa League 2022/2023 ត្រូវបាន​ធ្វើឡើង​​ជាមួយនឹង​ការរំភើប​រីករាយ និង​ទុក្ខសោក​លាយឡំ​គ្នា​សម្រាប់​តំណាង​ពីរ​ក្រុម​របស់​អង់គ្លេស។

ក្នុងការ​ប្រកួត​រវាង Real Betis (អេ​ស្ប៉ា​ញ) និង Man United (អង់គ្លេស) គេ​ឃើញថា រហូតដល់​នាទី​ទី 50 របស់​​​តង់​ទី​ពីរ ទើប Man United រកបាន​មួយ​គ្រាប់ ហើយក៏​ជា​គ្រាប់​បាល់​ដែល​បញ្ចប់​ក្ដីសង្ឃឹម​របស់​ក្រុម​តំណាង​អេ​ស្ប៉ា​ញ ដោយ​លទ្ធផល 1-0។

ជារួម ក្រុម​របស់​គ្រូបង្វឹក Erik ten Hag បាន​យកឈ្នះ​លើ​គូប្រជែង​សរុប 5-1 បន្ទាប់ពី​ការប្រកួត​ពីរលើក ដូច្នេះ Man United ក៏បាន​ឡើង​ទៅ​​វគ្គ ¼ នៅ Europa League។

ចំណែក​ការប្រកួត​រវាង Arsenal (អង់គ្លេស) និង Sporting Lisbon (ព័រទុយហ្កាល់) វិញ Arsenal អស់​ឱកាស​បន្តដំណើរ​នៅ Europa League ក្នុង​រដូវ​កាល​នេះ ដោយបាន​ទទួល​បរាជ័យ​ក្នុង​លទ្ធផល​សរុប 3-3 (ចាញ់ 3-5 ក្នុងការប្រកួត​​ស៊ុត​ប៉េ​ណាំង​ទី)។

ក្រោយ​ការប្រកួត​នានា​ក្នុង​វគ្គ 1/8 ពាន​រង្វាន់ Europa League បាន​រកឃើញ 8 ក្រុម​ចុងក្រោយ​ដែល​ត្រូវ​ឡើងទៅ​វគ្គ ¼។ 8 ក្រុម​ចុង​ក្រោយនេះ​រួមមាន Man United, Sporting Lisbon, Sevilla, Feyenoord, Juventus, Leverkusen, Roma, Union St.Gilloise។

យោងតាម​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) ក្រោយ​ចប់​វគ្គ 1/8 នៅ Europa League ពិធី​ចាប់ឆ្នោត​សម្រាប់​វគ្គ ¼ នឹងត្រូវ​បានធ្វើ​នៅ​ថ្ងៃទី 17 មីនា 2023 នេះ៕

Leave a Comment