គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អក្នុងតង់ទី២របស់ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford មានន័យថា ក្រុមបិសាចក្រហម Manchester United នឹងនាំយកការនាំមុខក្នុងលទ្ធផល ១-០ ទៅកាន់ការប្រកួតក្របខ័ណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ ពេលជួបក្រុម Celta Vigo នៅសប្តាហ៍ក្រោយ។
ការស៊ុតបាល់ពិន័យ Free-kick បញ្ចូលទីយ៉ាងល្អនៅនាទី ទី៦៧របស់ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរូបនេះ បានកើតឡើង ក្រោយពីក្រុម Man United បានខ្ជះខ្ជាយឱកាសជាច្រើនក្នុងការប្រកួតនាកីឡដ្ឋាន Estadio de Balaidos កាលពីថ្ងៃព្រហស្បតិ៍។ កីឡាករ Rashford, Henrikh Mkhitaryan និង Jesse Lingard សុទ្ធសឹងទទួលបានឱកាសដ៏ល្អក្នុងការរកគ្រាប់បាល់នៅមុនពេលបញ្ចប់តង់ទី១ ប៉ុន្តែ អ្នកចាំទី Sergio Alvarez បានសង្គ្រោះបាល់ដ៏ល្អជាច្រើនដើម្បីជួយដល់ក្រុមម្ចាស់ផ្ទះ។ ក្រុមស្ថិតក្នុងក្របខ័ណ្ឌ La Liga មួយនេះ គួរតែមានគ្រាប់បាល់នាំមុខមុន ក្នុងតង់ទី១ ប៉ុន្តែ កីឡាករ Daniel Wass បានតែតបាល់មិនផុតដៃរបស់អ្នកចាំទី Sergio Romero។
ការស៊ុតបាល់ពិន័យ Free-kick បញ្ចូលទីយ៉ាងល្អរបស់ Rashford គ្រប់គ្រាន់ក្នុងការជួយឲ្យក្រុមបិសាចក្រហម ធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford ជាមួយនឹងគ្រាប់បាល់នាំមុខក្រៅដីដ៏សំខាន់មួយគ្រាប់។ លោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅរបស់ Man United បានកោតសរសើរកីឡាករវ័យក្មេងរបស់លោក ដែលបានបំពេញតួនាទីយ៉ាងល្អក្នុងពេលអវត្តមានខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេគឺ Zlatan Ibrahimovic ដោយសារតែបញ្ហារបួសជង្គង់។ លោក Mourinho បានឲ្យដឹងថា៖ «រូបគេជាក្មេងវ័យ១៩ឆ្នាំម្នាក់ដែលស្រឡាញ់កីឡាបាល់ទាត់។ រូបគេខិតខំធ្វើការ មានភាពចាស់ទុំ ហើយមិនថា រូបគេមានវ័យក្មេងក៏ដោយ ប៉ុន្តែ គេមានកម្រិតលេងដ៏អស្ចារ្យ»៕
ប្រភពពី៖ Mirror