Cristiano Ronaldo មិនត្រឹមតែ «បង្កព្យុះភ្លៀង» បន្ទាប់ពីបានមកទាត់ឱ្យក្លឹបអារ៉ាប៊ីសាអូឌីតនោះទេ តែគាត់ក៏មានឥទ្ធិពលលើគម្រោងទិញដូរកីឡាកររបស់ក្លឹប Al Nassr ផងដែរ។
CR7 នៅតែបង្ហាញឥទ្ធិពលរបស់ខ្លួននៅក្លឹប Al Nassr។ ក្រៅពីការរកគ្រាប់បាល់ គាត់ក៏ក្លាយជាទីប្រឹក្សារបស់ក្រុមបាល់ទាត់ដែលកំពុងប្រកួតនៅ Saudi Pro League។ បើតាមអ្នកយកព័ត៌មាន Ben Jacobs ថ្មីៗនេះ ក្លឹប Al Nassr កំពុងសុំយោបល់ពី Ronaldo ទាក់ទងនឹងគម្រោងទិញកីឡាករអន្តរជាតិនៅក្នុងការដោះដូរកីឡាករនារដូវក្ដៅឆ្នាំនេះ។ បញ្ជីឈ្មោះទិញដូរកីឡាមួយត្រូវបានលើកឡើង ប៉ុន្តែ កីឡាករដែល Ronaldo ចង់បានបំផុតគឺ Roberto Firmino របស់ Liverpool។
ព័ត៌មាននេះធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង ព្រោះថា អ្នកណាក៏ដឹងដែរថា Liverpool និងអតីតក្លឹបរបស់ CR7 (Man United) គឺជាគូសត្រូវធំនឹងគ្នា។ ប៉ុន្តែ ការជ្រើសរើសរបស់ CR7 នៅតែជា «កូនសិស្សសំណព្វ» របស់គ្រូបង្វឹក Jurgen Klopp។
ខ្សែប្រយុទ្ធ Roberto Firmino វ័យ 32 ឆ្នាំ រកបាន 10 គ្រាប់ និងបង្កឱកាសស៊ុតបញ្ចូលទីបានសម្រេចចំនួន 5 គ្រាប់ឱ្យ Liverpool ក្រោយ 27 ប្រកួត។ កិច្ចព្រមព្រៀងរវាង Rirmino និង Liverpool នឹងអស់សុពលភាពនៅរដូវក្ដៅឆ្នាំនេះ។
ខាងក្លឹប Al Nassr វិញ ប្រាកដជាជឿជាក់លើកីឡាករដែលមានបទពិសោធន៍ច្រើនដូច CR7 ហើយក្លឹបរបស់អារ៉ាប៊ីសាអូឌីតក៏យល់ថា Firmino គឺជាកីឡាករដែលមានសក្ដានុពលដើម្បីចាប់ដៃជាមួយ Ronaldo បង្ហាញថ្វីជើងនៅលើទីលានប្រកួត៕